(ត្បូងឃ្មុំ)៖ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី១ លើកទី១ នៅមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមត្រួតពិនិត្យពី លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

លោក ម៉ៅ ថូរ៉ា បានឲ្យដឹងថា បេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានសរុប១៧រូប ក្នុងនោះមានតែ១៥រូបប៉ុណ្ណោះ ត្រូវបោះឆ្នោតជ្រើសរើសជាសមាជិកសភាពាណិជ្ជកម្មខេត្ត ដោយមានប្រធាន និងអនុប្រធាន ក្រោមការសម្រេចបោះឆ្នោតជូនដោយ ពាណិជ្ជករ អាជីវករ សេវាកម្ម ម្ចាស់សិប្បកម្មជុំវិញសរុបមានចំនួន២៤៥នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃនេះ ចាប់ពីម៉ោង៨ព្រឹក រហូតសរុបលទ្ធផលនៅ វេលាម៉ោង៣ រសៀល ថ្ងៃដដែលនេះ។

លោក ម៉ៅ ថូរ៉ា និងលោក ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា តួនាទីសភាពាណិជ្ជកម្ម គឺធ្វើការទំនាក់ ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស ដើម្បីស្រង់យកព័ត៌មាន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសជាតិ បង្កើនប្រសិទ្ធភាព សហគ្រាសទាំង ឡាយដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មក សិកម្ម សិប្បកម្ម សេវាកម្ម និងសេដ្ឋកិច្ចទូទៅដូចជាការរៀបចំផ្សព្វផ្សាយនូវស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ចការស្រាវជ្រាវ ពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មការលើកតម្កើនផ្នែកទេសចរណ៍។

ថ្នាក់ដឹកនាំទាំង២រូប ក៏បញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នឹងជួយក្នុងការសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្តកាន់តែមានសន្ទុះទ្វេឡើង ដែលផ្តល់លក្ខណៈងាយស្រួលដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសក៏ដូចជា ប្រជាពលរដ្ឋពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕