(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បានអះអាងថា សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងជាបន្តបន្ទាប់ ចំពោះក្រុមឧក្រិដ្ឋជនទាំងឡាយណាស ដែលមានគំនិតចូលរួមក្នុងផែនការ​ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមការប្រកាសរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទាមខុសច្បាប់ ដើម្បី បង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក គឹម សន្តិភាព ក៏បានបន្តក្រើនរំលឹកជាថ្មីទៅក្រុមមនុស្ស ដែលគាំទ្រឧក្រិដ្ឋជន សម រង្ស៉ី ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ឲ្យចូលខ្លួនទៅសារភាពទោសកំហុស ដើម្បីរួចផុតពីការដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះជាបន្តបន្ទាប់ ដើម្បី បង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ។ ការសារភាព មិនចូលរួមនឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ដើម្បីការពារអ្នកឲ្យរួចផុតពីទោសទណ្ឌ»

ការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បែបនេះ បានធ្វើឡើងបន្ទាប់ពីឧក្រិដ្ឋជន សម រង្ស៉ី ធ្វើកិច្ចសម្ភាសជាមួយវិទ្យុបម្រើបរទេសអាស៉ីសេរី (RFA) ដោយបានថ្លែង និងអុចអាលប្រជាពលរដ្ឋកម្ពុជាយ៉ាងដូច្នេះថា៖ «៩ វិច្ឆិកានេះ ប្រជារាស្ត្រត្រូវតែងើបឈរ យើងទៅព័ទ្ធផ្ទះមេភូមិ យើងទៅព័ទ្ធស្នងការប៉ូលីស...»

បើតាមលោក គឹម សន្តិភាព សម្តីរបស់ឧក្រិដ្ឋជន សម រង្ស៉ី គឺជាសម្តីអ្នកមានចរិតធ្វើរដ្ឋប្រហារ ដែលតែងតែពោលបែបនេះឯង។ លោកថ្លែងថា តាមរយៈសម្តីនេះ គឺជាផែនការមួយ នៃផែនការជាច្រើនទៀតរបស់ឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ក្នុងការធ្វើឲ្យកើតមានរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

សូមបញ្ជាក់ថា ឧក្រិដ្ឋជន សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕