(ភ្នំពេញ)៖ នេះអាចហៅថា គឺជាមោទកភាពមួយ ហើយសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ដែលមានអ្នកជំនាញកសិកម្មវ័យក្មេងមួយរូប និងជាលើកដំបូងគេបំផុតនៃខេត្តនេះ បានយក DNA សត្វគោពូជក្នុងស្រុក ទៅសិក្សា និងវិភាគតំណពូជ នៅមន្ទីរពិសោធន៍របស់ភ្នាក់ងារថាមពលអាតូមអន្តរជាតិ នៃអង្គការសហប្រជាជាតិ នៅក្រុង Seibersdorf ប្រទេសអូទ្រីស កាលពីពេលថ្មីៗនេះ។

អ្នកជំនាញកសិកម្មវ័យក្មេងរូបនេះ មានឈ្មោះថា ភឹម ម៉េងហាក់ គឺជាកូនកសិករ នៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកបានកើតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៩២ ពោលគាត់មានអាយុទើបតែ២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានក្លាយជាប្រជាពលរដ្ឋម្នាក់ ដែលមានឈ្មោះបោះសម្លេង ល្បីល្បាញពេញភូមិស្រុកតែម្តង។

ក្នុងគ្រួសារមួយគ្មានឪពុក មានតែម្តាយ ដែលមានបងប្អូនក្នុងបន្ទុកចំនួន៣នាក់ ភឹម ម៉េងហាក់ គឺជាអតីតសិស្សម្នាក់ ដែលប្រឹងប្រែងព្យាយាមរៀនសូត្របំផុត។ ទាំងចំណេះដឹង និងទេព្យកោសល្យ ធ្វើឲ្យគាត់មានឱកាសរៀនសូត្រ និងបានទទួលផលយ៉ាងជោគជ័យជាទីបំផុត។

គាត់ គឺជាអតីតនិស្សិតបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ។ ដោយសារភាពអំណោយផលនៃការសិក្សា លោក ភឹម ម៉េងហាក់ ក៏បានបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេនេទិច នៃសាកលវិទ្យាល័យ Khon Khaen របស់ព្រះរាជាណាចក្រថៃផងដែរ។

បច្ចុប្បន្ន លោក ភឹម ម៉េងហាក់ គឺជាអនុប្រធានមន្ទីរពិសោធន៍សេនេទិចពូជសត្វ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ កិត្យានុភាពរបស់ ភឹម ម៉េងហាក់ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ភ្នាក់ងារ Fresh News និងបានធ្វើកិច្ចសម្ភាស ខណៈពេលគាត់កំពុងយក DNA ពូជគោក្នុងស្រុក ទៅពិសោធន៍នៅប្រទេសអូទ្រីស។

លោក ភឹម ម៉េងហាក់ បានបញ្ជាក់ថា លោកស្រឡាញ់ការងារចិញ្ចឹមសត្វ ហើយក្នុងនាមជាកូនកសិករ លោកក៏កាន់តែមានអារម្មណ៍ដក់ជាប់នឹងការងារកសិកម្មខ្លាំង ជាពិសេសការងារការចិញ្ចឹមសត្វនេះតែម្តង។ លោកក៏បានបញ្ជាក់ពីមូលហេតុ ដែលលោកខំប្រឹងស្រាវជ្រាវផ្នែកសិកម្មផងដែរ ដោយលោកថ្លែងថា ចង់ឃើញវិស័យកសិកម្មនៅកម្ពុជា មានសន្ទុះរីកចម្រើនខ្លាំង ឲ្យដូចជាវិស័យសំខាន់ៗក្នុងស្រុកដែរ។

«ខ្ញុំពិតជាចង់ឃើញវិស័យកសិកម្មមានសន្ទុះរីកចម្រើនខ្លាំង ជាពិសេសអនុវិស័យចិញ្ចឹមសត្វ ដែលអ្នកផលិតគាត់អាចផលិតបានគ្រប់តម្រូវការរបស់ទីផ្សារ ទទួលបានប្រាក់កម្រៃខ្ពស់ និងមានផលិតផលផ្ទាល់ខ្លួន ដែលអាចចូលរួមប្រកួតប្រជែង បានជាមួយប្រទេសផ្សេងៗ»។ នេះជាការបញ្ជាក់របស់ ភឹម ម៉េងហាក់។

ចំពោះការយក DNA សត្វគោពូជក្នុងស្រុក ទៅសិក្សា និងវិភាគតំណពូជ នៅមន្ទីរពិសោធន៍របស់ភ្នាក់ងារថាមពលអាតូមអន្តរជាតិ នៃអង្គការសហប្រជាជាតិ នៅក្រុង Seibersdorf ប្រទេសអូទ្រីស ត្រូវបានលោកបញ្ជាក់ថា នេះជាការពិសោធន៍របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ ពូជគោក្នុងស្រុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកថ្លែងថា «ជាក់ស្តែង ដោយបច្ចុប្បន្នយើងបាន និងកំពុងផលិត និងចែកចាយទឹកមេជីវិតពូជគោបាល្អ យកទៅបង្កាត់ជាមួយមេគោក្នុងស្រុក តាមច្ចេកទេសបង្កាត់គោសិប្បនិម្មិត។ ជំហានបន្ទាប់យើងចាប់ផ្តើមធ្វើការសិក្សាជ្រើសរើសពូជល្អ តាមបែបបច្ចេកទេសសេនេទិចទំនើប ដោយជំហានទី១ យើងបានប្រមូល DNA របស់ពូជក្នុងស្រុកទៅវិភាគ ដែលតាមរយៈព័ត៌មានសេនេទិចនេះ យើងអាចបែងចែកច្បាស់ពីប្រភេទពូជនីមួយៗ (Breed Characterization) និងសិក្សាពីសក្តានុពលរបស់ពូជនីមួយៗ ដើម្បីជ្រើសរើសអភិវឌ្ឍពូជបានឆាប់រហ័ស នាពេលខាងមុខ»

បន្ទាប់ពីពន្យល់រឿងវិភាគដំណពូជរួចហើយ លោក ភឹម ម៉េងហាក់ បានរម្លឹកប្រវត្តិការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាលភូមិន្ទកសិកម្ម នៅរាជធានីភ្នំពេញ។ លោកថ្លែងថា លោកធ្លាប់ជួបការលំបាកច្រើនយ៉ាងណាស់ សូម្បីតែភាសាបរទេសក៏នៅមានកម្រិតដែរ ហើយកាន់តែពិបាកនោះ គឺខ្វះថវិកាតែម្តង។

លោកបានបញ្ជាក់បន្តថា «ខ្ញុំខ្វះអ្នកផ្តល់យោបល់ ហើយជាពិសេសគឺបញ្ហាថវិកាតែម្តង។ ខ្ញុំមករៀនឆ្នាំដំបូង ខ្ញុះហូបតែម្ហូបលក់មុខរោងចក្រ សន្សំប្រាក់ទុករៀនភាសាអង់គ្លេស និងបង់ថ្លៃបន្ទប់។ រហូតដល់ឆ្នាំទី២ ខ្ញុំបានការងារក្រៅម៉ោងខ្លះៗ និងបានគ្រូអនុញ្ញាតឲ្យមកស្នាក់នៅក្នុងសាកលវិទ្យាល័យ ទើបបានគ្រាប់បើបន្តិច»

បន្ទាប់ពីឆ្លងកាត់រឿងលំបាកច្រើនយ៉ាងហើយនោះ លោក ភឹម ម៉េងហាក់ ក្លាយជាបុគ្គលមួយរូបស្ថិតក្នុងកម្រិតល្អប្រសើរជាងមុនឆ្ងាយណាស់។ ពេលនេះ លោកអាចនិយាយបាន៤ភាសា គឺភាសាអង់គ្លេស ភាសាថៃ ភាសាបារាំង និងភាសាខ្មែរ ហើយលោកធ្លាប់ធ្វើជាវាគ្មិន និងទទួលការបណ្តុះបណ្តាល នៅតាមប្រទេសជាច្រើន នៅទ្វីបអាស៉ី និងអឺរ៉ុបទៀតផង។

លោកបានគូសបញ្ជាក់ថា ក្រៅពីមានតួនាទីជាមន្ត្រីរាជការ លោកធ្វើជាគ្រូបង្រៀនក្រៅម៉ោងតាមសាកលវិទ្យាល័យ វិទ្យាស្ថាន និងអ្នកប្រឹក្សាយោបល់ លើគម្រោងចិញ្ចឹមសត្វ និងអភិវឌ្ឍន៍ជនបទ។ លោកធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្ត និងជាអ្នកដឹកនាំក្លឹបយុវជន នៃសមាគមក្នុងស្រុកកំណើតយើង និងធ្វើជាអ្នកស្ម័គ្រចិត្តនៅតាមក្រុមយុវជនផ្សេងៗ។

លើសពីនេះទៅទៀតនោះ ដោយសារតែចំណេះដឹងភាសាអង់គ្លេសខ្ពស់ លោកក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស អ្នកប្រែសម្រួលភាសាអង់គ្លេស និងជាអ្នកសម្របសម្រួលសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិផងដែរ។ ប្រវត្តិបែបនេះហើយ ធ្វើឲ្យលោក ភឹម ម៉េងហាក់ បានវិវត្តន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាលឲ្យខ្លួនគាត់ផ្ទាល់ក្លាយជាទំពាំងដ៏ល្អ សម្រាប់ស្នងប្រទេសជាតិ។

លោក ភឹម ម៉េងហាក់ បានផ្តល់ជាគំនិតថា គ្មានអ្វីដែលមនុស្សយើងធ្វើមិនបាននះទេឲ្យតែមានការតស៊ូព្យាយាម។ លោកថែមទាំងបានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវមានជំនឿជាក់លើខ្លួនឯង ដើម្បីចូលរួមធ្វើអ្វីមួយល្អ និងធ្វើបានសម្រេចបម្រើផលប្រយោជន៍ប្រទេសជាតិយើង។

លោកបន្ថែមថា «ខ្ញុំចង់ឲ្យយុវជនគ្រប់រូប កុំគិតថាយើងមិនអាចធ្វើអ្វីបាន ត្រូវចូលរួមធ្វើអ្វីមួយឲ្យសម្រេចលទ្ធផលតាមលទ្ធភាព សមត្ថភាពខ្លួន ដែលជាប្រយោជន៍ដល់ខ្លួនឯងផង និងសង្គមផង។ មួយវិញទៀតត្រូវចាំ មិនប្រាកដថាឲ្យតែមានទឹក ដឹងតែមានត្រីនោះទេ»