(ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើមនៃជំនួប លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក។ លោកក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយ ក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនលោកប្រធានាធិបតីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ខណៈអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រ ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយ ជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូត នៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ លោកប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏ល្អសម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។

សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញលោកប្រធានាធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។

ប៉ុន្តែលោកប្រធានាធិបតីមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពលហើយត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២ របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពីលោកបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។

ពិធីចូលកាន់តំណែងរបស់លោកនឹងត្រូវប្រារព្ធ ធ្វើឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពី មេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕