(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនគេចម៉ូតូជ្រុលបុកគូទរថយន្តធុនធំពីក្រោយខ្ទាតទៅបុកខឿនសួនច្បារ បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលូ៣ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BB-6847 បើកបរដោយបុរសម្នាក់រួមទាំងបុរសម្នាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលូ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុបានគេចម៉ូតូមួយគ្រឿង ដែលជិះកាត់ពីមុខរថយន្ត ក៏ជ្រុលទៅបុកគូទរថយន្តធុនធំមួយគ្រឿង មិនចាំម៉ាកហើយខ្ទាតរថយន្ត TOYOTA PRIUS ខាងលើទៅបុកឃឿនសួនច្បារទ្រូងផ្លូវពេញមួយទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងបុរសដែលរួមដំណើរជាមួយបោកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។

ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ រីឯរថយន្តធុនធំមួយគ្រឿង ដែលត្រូវរថយន្ត TOYOTA PRIUS បុកពីក្រោយនោះមិនឈប់ទាមទារអ្វីនោះទេបានបើកចេញពីកន្លែងកើតហេតុទៅតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕