(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រី សម្រស់ស្រស់សោភាមានមន្តស្នេហ៍ និងមានសំនៀងពីរោះរណ្តំ ត្រូវចិត្តទស្សនិកជនគ្រប់ស្រទាប់ កញ្ញា សុខ​ ពិសី ថ្មីៗនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន កោតសរសើរទឹកដមសំនៀង ពេលបកស្រាយចម្រៀងបទ «អំបុកខ្មែរថែជាតិ» ក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ»។ ជាការពិត រាល់បទចម្រៀងដែលស្រីស្រស់ សុខ ពិសី បានបកស្រាយក្នុងកម្មវិធីខាងលើ គឺពិតជាពីរោះ រួមផ្សំនឹងកាយវិការសុភាពរាបសារ ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួនតែម្តង។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរតារាស្រី សុខ ពីសី តាមរយៈដែលសម្ដេចបាន Comment យ៉ាងដូច្នេះថា «ស្តាប់ច្រៀងផ្ទាល់កាន់តែពីរោះ។ ចម្រៀងមួយបទនេះ ពុកស្តាប់ច្រើនជាងគេ។ សុំកោតសរសើរដោយស្មោះកូនស្រី»

ជាមួយនឹងការទទួលបាននូវការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ពេលនេះ កញ្ញា សុខ ពិសី បានបង្ហាញពីអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងស្ទើររកពាក្យអ្វីនិយាយពុំចេញ។ កញ្ញា បានបង្ហាញពាក្យពេចន៍ក្នុងចិត្តថា «នាងខ្ញុំ សុខ ពិសី ពិតជាមានកិត្តិយសបំផុត ដែលបានសម្តេចពុក សម្តេចម៉ែទស្សនា… កូនសង្ឃឹមថាថ្ងៃណាមួយបានជួបសម្តេចពុកសម្តេចម៉ែផ្ទាល់ ធ្លាប់ជួបកន្លងមកដែរតែនៅឆ្ងាយ អត់បាននៅជិតលោកទាំងពីរ»

សូមជម្រាបថា កម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ជាការរៀបចំដឹកនាំដោយតារាចម្រៀងល្បីឈ្មោះ លោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ដោយកម្មវិធីតម្រូវឲ្យមាន តារាជាច្រើនចូលរួមបកស្រាយចម្រៀង គោលបំណងកម្មវិធីបានធ្វើឡើងថែរក្សា និងអភិរក្សសិល្បៈបុរាណ និងច្រៀងចម្រៀងតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ បាន live តាម Facebook គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន៕