(ភ្នំពេញ)៖ លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការលើកកម្ពស់វិស័យអប់រំ ទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាពនិងប្រសិទ្ធភាព មានភាពចាំបាច់បំផុត ដើម្បីឱ្យស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំក្នុងតំបន់ និងពិភពលោក។

ការលើកឡើងបែបនេះរបស់លោក យក់ ង៉ុយ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោក រួមជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ពិពីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩ -២០២០ របស់សាលាអន្តរជាតិ ប៉េកាំង នៅសាលាតិចណូ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងស្មារតីនេះ ការលើកកម្ពស់វិស័យអប់រំ ទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព មានភាពចាំបាច់បំផុត ដើម្បីឱ្យស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំក្នុងតំបន់ និងពិភពលោក»

លោក យក់ ង៉ុយ បានបន្តថា ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោលដំណាក់កាលទី៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ និងប្តេជ្ញាចិត្តសម្រេចឱ្យបាននូវមុំទី១ ស្តីពី « ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» ដែលជាមធ្យោបាយចាំបាច់ ហើយសក្តានពលនេះនឹងធានាបានកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចីរភាព តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាព នៅក្នុងតំបន់ការចាប់យកបច្ចេកវិទ្យាថ្មីៗ និងឱកាសថ្មីៗ ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា។

រដ្ឋលេខាធិការរូបនេះ បានបន្ថែមយ៉ាងដូច្នេះថា៖ «សង្គមជាតិមួយអាចរីកចម្រើនទៅបានអាស្រ័យដោយសង្គមជាតិនោះសម្បូរទៅ ដោយធនធានមនុស្សប្រកបដោយសក្តានុពល និងសមត្ថភាព ដែលអាចប្រែក្លាយសង្គមជាតិនោះ ខ្ញុំមានការអភិវឌ្ឍជឿនលឿនបានឆាប់រហ័ស និងរឹងមាំ»

លោកបានឱ្យដឹងថា ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌មាន បាននាំឱ្យសង្គមនីមួយៗ ទទួលនូវឧត្តមភាព និងនាំឱ្យមានការវិវត្ត យ៉ាងខ្លាំងក្លា ដល់វិស័យអប់រំផងដែរ។ នៅក្នុងឱកាសនោះដែរលោកក៏សូមកោតសរសើរដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលាអន្តរជាតិប៉េកាំង ដែលបានផ្តល់ការអប់រំ ប្រកបដោយគុណភាពដល់កុមារា កុមារីរបស់យើង ជាពិសេសបាននាំយកមកដល់កម្ពុជា នូវការអប់រំតាមនិយាមបណ្តុះបណ្តាលពីប្រទេសចិន ចាប់តាំងពីឆ្នាំ២០១១មក ជាពិសេសសាលារៀនមានគ្រូបង្រៀន ដែលមានអាជ្ញាបណ្ណបង្រៀន និងមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ។

លោក យក់ ង៉ុយ បានបញ្ជាក់ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗសិស្សានុសិស្ស ដែលចាត់ទុកជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃដែលក្មួយៗ សិស្សានុសិស្សរបស់យើងបន្តចូលរៀនសូត្រ នៅកម្រិតថ្នាក់ខ្ពស់បន្តទៀត។

លោកក៏បានលើកទឹកចិត្តឱ្យសាលាអន្តរជាតិ ប៉េកាំង ព្រមទាំងបុគ្គលិកទាំងអស់ត្រូវខិតខំប្រឹងបន្ថែមទៀត ក្នុងការអភិវឌ្ឍសាលាមួយនេះ ឱ្យស្របនឹងចក្ខុវិស័យរបស់ខ្លួនលើចំណុចមួយចំនួន ដូចខាងក្រោម៖

* ត្រូវបន្តខិតខំអភិវឌ្ឍកម្មវិធីសិក្សាកម្មវិធីបណ្តុះបណ្តាល ឱ្យស្របនឹងការវិវត្តនៃសេដ្ឋកិច្ចឌីជីថល
* ត្រូវអភិវឌ្ឍសមត្ថភាពបុគ្គលិក និងលោកគ្រូ អ្នកគ្រូ
* ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងលើកកម្ពស់អភិបាលកិច្ចល្អ
* បង្កើនសកម្មភាពស្រាវជ្រាវ និងសកម្មភាពគាំទ្រដល់គុណភាពនៃការបង្រៀន និងការរៀន
* ពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សាទាំងខាងក្នុង និងក្រៅប្រទេស ដើម្បីធានាបានថាការអប់រំ របស់សាលាអន្តរជាតិ ប៉េកាំង អាចឈានដល់គុណភាពកម្រិតតំបន់ និងកម្រិតអន្តរជាតិ៕