(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

ឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បាន និងកំពុងរំកិលអូសបន្លាយមកលើភាគខាងជើង និងភាគឦសានកម្ពុជា និងភាគខាងក្រោមទទួលរងនូវខ្យល់ នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះធ្វើឲ្យ៖

១៖ ចាប់ពីថ្ងៃនេះដល់ ២៤ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ។

២៖ ចាប់ពីថ្ងៃនេះ ដល់២៤ ខែតុលា៖ ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។

៣៖ ចាប់ពីថ្ងៃនេះ ដល់ ២១ ខែតុលា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កែប កោះកុង និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ទន្ទឹមនោះអាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ។ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងបន្តពីកម្រិតតិចមកមធ្យម។

ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ ពិសេសខេត្តតំបន់វាលទំនាប៕