(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា ការសម្រេចបានកំណើនចំណូលពន្ធ ប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព អាស្រ័យដោយការអនុវត្ត នូវកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ជាពិសេសវិធានការថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ។

លោកបានបញ្ជាក់ថា បូករួមជាមួយវិធានការថ្មីៗទាំងនេះ ធ្វើឲ្យនៅរយៈពេល៩ខែឆ្នាំ២០១៩នេះ ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទសម្រេចបាន ប្រមាណជាង៩៥.៤២% នៃផែនការប្រចាំឆ្នាំ។

ការឲ្យដឹងបែបនេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែកញ្ញា និងសម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដោយមានការចូលរួមពីលោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក គង់ វិបុល បានបញ្ជាក់ថា វិធានការថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដាររួមមាន៖

* ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ Online-VAT Refund and Online-VAT Credit ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

* សេវាគាំទ្រ ពិគ្រោះយោបល់ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈ CALL CENTER 1277, GDT Live-Chat, ពិគ្រោះយោបល់ដោយផ្ទាល់, E-mail, ព្រមទាំងការតាមដាននិងឆ្លើយតបនានាតាម Facebook។

* ការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម បន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ ផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសធានាឱ្យបានខ្ជាប់ខ្ជួននូវ ភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។

* ការពង្រឹងការអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការស៊ើបអង្កេតបទល្មើសពន្ធដារ ដើម្បីទប់ស្កាត់ការគេចវេះពន្ធដារតាមគ្រប់រូបភាព។

* ការបន្តធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ជាពិសេសផ្នែកគ្រប់គ្រងធនធានមនុស្ស ដើម្បីឈានទៅបន្តអនុវត្តគោលការណ៍កំណត់ចំណាត់ថ្នាក់នៃកម្រិតប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ប្រធានអង្គភាព (Merit and Demerit System) និងការពង្រឹងនិងបន្ថែមជម្រើសនៃការតាមដាននិងកត់ត្រាវត្តមានរបស់មន្ត្រី ឱ្យមានតម្លាភាពការងារ។

* ការពង្រឹងការអនុវត្តប្រព័ន្ធតាមដានឯកសារ (Document Tracking System) ដែលអនុញ្ញាតឱ្យអ្នកជាប់ពន្ធអាចតាមដានវឌ្ឍនភាពនៃឯកសាររបស់ខ្លួនបាន ក្នុងគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាជូនអ្នកជាប់ពន្ធ។

លោកបានបង្ហាញឲ្យដឹងថា នៅខែកញ្ញា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៩២៨.២៥ ប៊ីលានរៀល (ប្រមាណជា២៣២.០៦ លានដុល្លារអាមេរិក) ស្មើនឹង១០.១៦% នៃផែនការប្រចាំឆ្នាំ។

លោកបានគូសបញ្ជាក់ថា ចំណូលពន្ធក្នុងខែកញ្ញា ឆ្នាំ២០១៩នេះមានប្រមាណជា២៣២.០៦ លានដុល្លារអាមេរិក ជាឯកគ្គទកម្មមួយថ្មីដែលពុំធ្លាប់មាន សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ព្រោះខែកញ្ញាធ្លាប់តែជាខែដែលប្រមូល ចំណូលពន្ធមានកម្រិតទាបនៅឆ្នាំមុនៗ។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា សម្រាប់៩ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន៨៧៣៤,៧០ប៊ីលានរៀល (ប្រមាណ ២ ១៨៣.៦៨ លានដុល្លារអាមេរិក) ស្មើនឹង៩៥.៤២% នៃផែនការប្រចាំឆ្នាំ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០១៨ឃើញថា ចំណូលពន្ធ-អាករ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩ កើនឡើងចំនួន១ ៩៦៨.៣៤ ប៊ីលានរៀល (ប្រមាណជា៤៩២.០៩ លានដុល្លារអាមេរិក) ស្មើនឹង២៩.០៩%។

លោកបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ ប្រភេទពន្ធសំខាន់ៗរួមចំណែក ដល់កំណើនចំណូលពន្ធ មានការកើនឡើងគួរឱ្យកត់សម្គាល់រួមមាន អាករលើតម្លៃបន្ថែម (VAT) កើន ៣៣.០៥%, ពន្ធលើប្រាក់ចំណូលកើន ២៦.៨៦%, អាករពិសេសកើន ២៦.៥០%, ពន្ធលើប្រាក់បៀវត្សកើន ១៦.៦៦% និងពន្ធលើឈ្នួលផ្ទះ និងដីកើន៧០.៣៣%។

លោក ជូ វិជិត្ត ក៏បានកោតសរសើរ និងផ្តល់មូលវិចារណ៍ថ្លៃថ្លាចំពោះ សមិទ្ធផលសម្រេចបាន របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែកញ្ញា និងរយៈពេល៩ខែ ឆ្នាំ២០១៩ ពិសេសក្នុងបរិបទមួយដែល មិនមានការបង្កើតពន្ធថ្មី មិនតម្លើងអត្រាពន្ធ មានតែការពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោករដ្ឋលេខាធិការបានណែនាំបន្ថែមឱ្យ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងផ្ដល់សេវាអប់រំ ផ្សព្វផ្សាយ ដល់អ្នកជាប់ពន្ធ ឱ្យដូចភ្លៀងរលឹម ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការ ឱ្យបានជាអតិបរិមា៕