(ភ្នំពេញ)៖ បុរសជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីការបស់តុលាការ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចក្បែររដ្ឋសភាជាតិ តាមបណ្ដោយផ្លូវសប៊ិត ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសជនបរទេសម្នាក់ អាយុប្រហែល៤០ឆ្នាំ ជិះកង់បីឥណ្ឌា តាមផ្លូវសប៊ិត ក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមានរថយន្ត Lexus 470 មួយគ្រឿង ព័ណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AC-7772 ដោយមានកម្លាំងស៊ីវិល ចុះមកឃាត់កង់បី ហើយចាប់បុរសជនបរទេសម្នាក់ឡើងរថយន្តតែម្ដង។

ក្នុងហេតុការណ៍នេះ ជនជាតិបរទេសខាងលើ បានស្រែកឆោឡោឡើងឲ្យគេជួយអន្ដរាគមន៍ ប៉ុន្ដែកម្លាំងនគរបាលដែលបំពេញប្រតិបត្តិការនេះ បានអះអាងថា ការចាប់ខ្លួនជនជាតិបរទេសនេះ គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាការ ប៉ុន្ដែសមត្ថកិច្ចមិនបញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងអ្វីនោះទេ៕