(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការ ក្រុមយុវជន និងសិស្សនិស្សិត ចុះធ្វើទស្សនកិច្ចសិក្សានៅផ្សារអ៉ីអនម៉លសែនសុខ (អ៉ីអន២) ដើម្បីស្វែងយល់ពីគន្លឹះក្នុងការទុកដាក់សំរាម ស្ដង់ដាបង្គន់អនាម័យសាធារណៈ និងកិច្ចការគំរូមួយចំនួនទៀត ដែលផ្សារទំនើបមួយនេះបាននិងកំពុងខិតខំធ្វើ ព្រមទាំងដើម្បីផ្សព្វផ្សាយបំផុស ឱ្យប្រជាពលរដ្ឋបង្កើនការចូលរួមក្នុងកិច្ចការចាំបាច់នេះកាន់តែខ្លាំងឡើង។

សកម្មភាពភាពនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោក លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍
ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាលាខណ្ឌសែនសុខ អង្គការស្ត្រីដើម្បីសង្គម តំណាងផ្សារអ៉ីអនម៉ល២ ព្រមទាំងសិស្សនិស្សិតមួយចំនួនទៀត សរុបប្រមាណ ៣០នាក់។

លោក ហ៊ួត រិទ្ធី បានឱ្យដឹងថា គោលបំណងនៃការចុះធ្វើទស្សនកិច្ចសិក្សានៅផ្សារអ៉ីអនម៉លសែនសុខនេះ គឺដើម្បីសិក្សាពីការគ្រប់គ្រងរៀបចំការទុកដាក់កាក់សំណល់ សំរាម ការចូលរួមថែរក្សាបរិស្ថាន ស្ដង់ដាបង្គន់អនាម័យសាធារណៈ ដែលផ្សារទំនើបមួយនេះបាននិងកំពុងខិតខំធ្វើ ហើយក៏បានរួមចំណែកក្នុងការទាក់ទាញភ្ញៀវឱ្យមកលេង និងទិញទំនិញក្នុងផ្សារទំនើបនេះផងដែរ។

តំណាងផ្សារអ៉ីអនម៉លសែនសុខ បានឱ្យដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋ ក៏ដូចជាអថិតិជនបានចូលមកក្នុងផ្សារអ៉ីអនទី២នេះ មានប្រមាណ ១៨លាននាក់ហើយ។

ពួកគាត់មានការយល់ដឹង់ និងស្មារតីចូលរួមថែរក្សាអនាម័យ ទុកដាក់សំរាមបានល្អប្រសើរជាងមុន ដោយពួកគាត់បានទុកដាក់សំរាមទៅតាមការណែនាំរបស់ផ្សារ ដែលមានការបែងចែកថតសំណល់រឹង រាវ សំណល់អាចកែច្នៃវិញបាន។ ការយល់ដឹងរបស់ពួកគាត់ ក៏បានបង្កភាពងាយស្រួលដល់បុគ្គលិកអនាម័យរបស់ផ្សារ ក្នុងការយកសំរាមទៅទុកដាក់ ឬកែច្នៃបន្តទៀតផងដែរ។

តំណាងរូបនេះបានបន្តថា ដើម្បីចូលរួមជាមួយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏ដូចជាដើម្បីបំផុសស្មារតីសាធារណៈ ក្នុងការចូលរួមកាត់បន្ថយបញ្ហាសំរាម ផ្សារអ៉ីអន១ និងផ្សារអ៉ីអន២ សុទ្ធតែមានសកម្មភាពបង្រៀនដល់បុគ្គលិកហាងលក់ដូរក្នុងផ្សារទាំងពីរ ឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការបែងចែកថត និងមានសកម្មភាពដើររើសសំរាមតាមទីសាធារណៈជុំវិញបរិវេណ និងក្រៅបរិវេណផ្សារ នៅថ្ងៃទី១១ រៀងរាល់ខែ រៀងរាល់ឆ្នាំ។

លោក ហ៊ួត រិទ្ធី បានអះអាងថា ឆ្លងកាត់ការចុះទស្សនកិច្ចសិក្សាផ្ទាល់រួចមក លោកបានមើលឃើញពីការទុកដាក់សំរាមបានយ៉ាងត្រឹមត្រូវ និងជាគំរូដ៏ល្អសម្រាប់កន្លែងដទៃ ពិសេសបានអនុវត្តត្រឹមត្រូវតាមស្ដង់ដាអនាម័យ។

ក្រៅពីនេះ លោកបានដើរពិនិត្យដោយផ្ទាល់នៅបង្គន់អនាម័យក្នុងផ្សារ ដោយពិនិត្យឃើញថា ផ្សារទំនើបមួយនេះបានអនុវត្តត្រឹមត្រូវតាមស្ដង់ដាបង្គន់អនាម័យសាធារណៈ ទាំងស្ដង់ដាថ្នាក់ជាតិ និងអាស៊ាន ព្រមទាំងមានបន្ទប់សម្រាប់ម្ដាយនិងទារក។

លោក ហ៊ួត រិទ្ធី បានបញ្ជាក់ថា ឆ្លងកាត់តាមចលនាប្រឡងប្រណាំងទីក្រុងស្អាត ផ្សារទំនើបក៏បានចូលរួមច្រើនណាស់ដែរ ក្នុងការរៀបចំឱ្យបង្គន់អនាម័យសាធារណៈស្របតាមស្ដង់ដា ប៉ុន្តែនាពេលបច្ចុប្បន្ន កន្លែងកម្សាន្តមួយចំនួននៅមិនទាន់មានបន្ទប់សម្រាប់ម្ដាយនិងទារក ដែលអាចឱ្យម្ដាយប្ដូរសម្ភារៈផ្សេងៗដល់ទារកបាននៅឡើយ។

ដោយហេតុនេះហើយ លោកក៏បានអំពាវនាវសូមមានការរៀបចំជាបន្ទប់សម្រាប់ម្ដាយនិងទារក ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ដាយក្នុងការប្ដូរសម្ភារៈដល់ទារក ខណៈពេលបច្ចុប្បន្នគេសង្កេតឃើញថា នៅតាមទីសាធារណៈ ឬកន្លែងដើរកម្សាន្តនានា សម្បូរទៅដោយកុមារៗច្រើនជាងមុន ដែលជាហេតុតម្រូវឱ្យមានការគិតគូររៀបចំកន្លែងមួយចំនួន សម្រាប់កុមារ និងទារក ពិសេសគឺបង្គន់អនាម័យនេះតែម្ដង៕