(កំពត)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ លោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញធរសវនកម្មជាតិ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ ជូនដល់មន្ត្រីនៅក្នុងខេត្តកំពត។

ពិធីនេះ បានរៀបចំធ្វើឡើងនៅសណ្ឋារគារកំពតឌីយ៉ាម៉ង់ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ និងលោក ជាវ តាយ អភិបាលខេត្តកំពត និងមានសិក្ខាកាមចូលរួមពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ស្ថាប័នសាធារណៈក្នុងខេត្តសរុប ១២៥នាក់ ដែលអង្គសិក្ខាសាលានេះមានរយៈពេលពេល១ព្រឹក។

លោក ជាវ តាយ បានចាត់ទុកសិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការផ្ដល់នូវចំណេះដឹងថ្មីបន្ថែមទៀត ដល់មន្ត្រីដែលប្រតិបត្តិការ ក្នុងស្ថាប័នរដ្ឋបាលសាធារណៈ នៅក្នុងខេត្តដើម្បីធ្វើឱ្យការត្រួតពិនិត្យលើកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់ស្ថាប័នសាធារណៈ មានតម្លាភាព លើការប្រមូលចំណូល និងអនុវត្តចំណាយនៃថវិកាជាតិតាមដាន និងត្រួតពិនិត្យឡើងវិញនូវភាពត្រឹមត្រូវ សមស្របនៃរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់បណ្ដាស្ថាប័នសាធារណៈ។

លោកបណ្ឌិត អ៊ុក សារាវុធ បានលើកឡើងថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសាធារណៈ ឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ ហើយមានភារកិច្ច ត្រួតពិនិត្យ ផ្ដល់យោបល់កែតម្រូវលើរាល់កំហុសឆ្គង របស់អង្គភាពរងសវនកម្ម និងធ្វើរបាយការណ៍លទ្ធផលការងារ របស់ខ្លួនជូនអង្គការនីតិបញ្ញត្ត ពោលគឺរដ្ឋសភា និងព្រឹត្តសភា។

លោក អ៊ុក សារាវុធ ក៏បានឱ្យដឹងទៀតថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នកំពូលដែលមិនអាចខ្វះបានក្នុងប្រទេសនីតិរដ្ឋ។ ហេតុដូចនេះអង្គ សិក្ខាសាលាពេលនេះ គឺផ្ដើមធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញ និងបង្កើនសមត្ថភាពអោយយល់កាន់តែច្បាស់បន្ថែមទៀត ជូនដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខេត្តកំពត អំពីខ្លឹមសារច្បាប់ស្ដីពី សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនជំនឿចិត្ត លើកិច្ចការងាររបស់អាជ្ញាធរ សវនកម្មជាតិ ពីសំណាក់សាធារណៈជនជាតិ និងអន្តរជាតិលើការត្រួតពិត្យការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលប្រកបដោយយុត្តិធម៌ និងតម្លាភាព។

លោកបណ្ឌិត អ៊ុក សារាវុធ សំណូមពរផ្ដាំផ្ញើដល់សមាជិក អង្គសិក្ខាសាលាអោយយកចិត្តទុកដាក់ក្នុងការស្ដាប់កត់ត្រា និងលើកជាសំណួរ ដើម្បីទទួលបានចំណេះដឹងថ្មីៗថែមទៀត សម្រាប់មូលដ្ឋានជំរុញការអនុវត្តការងារជាក់ស្ដែងឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះលោក ព្រហ្ម វិចិត្រសុភ័ណ្ឌ ក៏បានធ្វើបទបង្ហាញស្ដីពី ច្បាប់សវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ចំណុច៤ សំខាន់ៗរួមមានទី១៖ សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ, ទី២៖ ហេតុអ្វីត្រូវមានច្បាប់ស្ដីពី សវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា, ទី៣៖ ខ្លឹមសារនៃច្បាប់សវនកម្ម្ម នៃព្រះរាជាណាចក្រកម្ពុជា និង៤៖ ស្ដង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា៕