(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរំលឹក និងផ្តាំផ្ញើអ្នកជំនាញពាក់ព័ន្ធការងារព្យាបាល ត្រូវតែឈរលើស្មារតី រួមសហការគ្នាដើម្បីជួយជំរុញ អ្នកប្រើ និងអ្នកញៀនគ្រឿងញៀន ឲ្យទទួលបានការព្យាបាល និងស្តារនីតិសម្បទាឡើងវិញ។

ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា ថ្លែងបែបបនេះ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងអភិបាលកិច្ចលើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា ដែលជាជំនួយ LOA ប្រចាំឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត ស៉ិន អ៊ាប មន្ត្រីក្រសួងសុខាភិបាល បានរាយការណ៍បូកសរុបវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងអភិបាលកិច្ចលើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានផ្តល់ដល់សិក្ខាកាមបង្កើននូវចំណេះដឹង ដែលឈានឆ្ពោះទៅសម្រេចបានការពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ចលើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា។

ថ្លែងក្នុងនាមតំណាងសិក្ខាកាម ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរង និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់។ លោកបានស្នើសុំឲ្យវគ្គបណ្តុះបណ្តាលបែបនេះក្រោយៗទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារព្យាបាលស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀននៅកម្ពុជា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានពង្រឹង និងពង្រីកការងារព្យាបាល សហការកាន់តែល្អប្រសើររវាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធពិសេសរវាងអង្គភាពអនុវត្ត ច្បាប់ ព្រះរាជអាជ្ញា តុលាការ និងមូលដ្ឋានផ្តល់សេវាសុខភាព ជាមួយនឹងការកើនឡើងនូវការយល់ដឹង និងភ្ញាក់រលឹករបស់ប្រជាពលរដ្ឋ ក្នុងការជំរុញកូនចៅដែលប្រើប្រាស់ ឬញៀនគ្រឿងញៀន ឲ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកបានថ្លែងបន្តថា ទន្ទឹមនឹងការខិតខំសម្រេចបាននូវលទ្ធផលការងារអ្វី ដែលនៅជាបញ្ហានោះគឺអ្នកញៀនគ្រឿងញៀនមួយចំនួន នៅមិនទាន់ភ្ញាក់រលឹកស្ម័គ្រចិត្ត ទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ដែលតម្រូវឲ្យយើងទាំងអស់គ្នា ដែលជាអ្នកពាក់ព័ន្ធត្រូវខិតខំបន្ថែមទៀតឈរ លើស្មារតីរួមសហការគ្នាក្នុងគោលបំណងតែមួយ ជួយអ្នកប្រើ និងអ្នកញៀនគ្រឿងញៀន ឲ្យទទួលបានការព្យាបាល ស្តារនីតិសម្បទា ដោយមិនត្រូវទុកឲ្យអ្នកញៀនគ្រឿងញៀនណាម្នាក់ នៅក្រៅការព្យាបាលឡើយ។

ចុងក្រោយនៃកម្មវិធីវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ នេះមានចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕