(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានចូលបំភ្លឺជូនតុលាការ ក្នុងនាមជាដើមបណ្ដឹង ប្ដឹងបុរសម្នាក់ឈ្មោះ ហ៊ាង គឹមស្រឿន និងគូកន ដែលបានបង្ហោះសារលើ Facebook ប្រមាថដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធករណីអញ្ជើញលោក វ៉ា គឹមហុង បំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម។

ការចូលបំភ្លឺរបស់លោក ពេជ្រ ស្រស់ ក្រោយពី លោក កែវ សុធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអញ្ជើញមួយ ជូនលោក ពេជ្រ ស្រស់ ដើម្បីឲ្យបំភ្លឺជុំវិញបណ្ដឹងរបស់ខ្លួនប្ដឹងឈ្មោះ ហ៊ាង គឹមស្រឿន និងឈ្មោះ ថុល សុផាន់ណា ពីបទ «ប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

គួរជម្រាបថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងដាក់ពាក្យប្តឹងបុរសម្នាក់ឈ្មោះ ហ៊ាង គឹមស្រឿន និងគូកន ដែលបានបង្ហោះសារលើ Facebook ប្រមាថដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធករណីអញ្ជើញលោក វ៉ា គឹមហុង បំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ក្រោយពីខ្ញុំពិភាក្សាជាមួយមេធាវីរួច គឺមេធាវី បានសម្រេចឲ្យខ្ញុំប្ដឹងបុគ្គលនេះ (Heang Kimsroeun) តែម្ដង ដោយបុគ្គលនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាពិសេសប្រមាថដល់ អង្គព្រះមហាក្សត្រផងដែរ ពីព្រោះយន្តការឧត្តមក្រុមប្រឹក្សានេះគឺអាចដំណើរការទៅបាន ដោយសារតែមានព្រះមហាក្សត្រទ្រង់ អនុញ្ញាតឲ្យដំណើរការ»

កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ លោក ហ៊ាង គឹមស្រឿន បានបង្ហោះសារមួយរិះគន់លើការអនុញ្ញាតឱ្យលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោកសរសេរដូច្នេះថា «ចំពោះនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យ លោក វ៉ា គឹមហុង ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជុំវិញការចុះហត្ថលេខា កំណត់ព្រំដែនរវាង កម្ពុជា-វៀតណាម គឺជាការជួបបំភ្លឺដើម្បីបង្គ្រប់កិច្ច និងជាក្រុមអាយ៉ង និងអាចផ្តល់ភាពមិនច្បាស់លាស់ ឬគ្មានបានជាផលវិជ្ជមាន
ណាមួយសម្រាប់ជាតិនៅក្នុងជំនួបនេះឱ្យប្រាកដសោះឡើយ»

លោកបន្តថា «ការជួប និងបំភ្លឺរបស់លោក វ៉ា គឹមហុង គ្រាន់តែជាការរៀបចំឈុតឆាកដែលបានរៀបចំដោយរាជរដ្ឋាភិបាលឯកបក្ស ដើម្បីរៀបចំអោយមាន ឯកឧត្តមមន្ត្រីជើងមិនជាប់ដីក្បាលមិនជាប់មេឃ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបំពេញបន្ថែមបំភ្លេប្រវត្តិសាស្ត្រ ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដាក់សំណើផ្លូវការមួយជូនសម្តេច ដើម្បីអញ្ជើញ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងចំនួន២ កាលពីសប្តាហ៍មុននេះ ក្នុងមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះ សម្រេចបានប្រមាណ ៨៤ភាគរយផងដែរ៕