(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ៧១២គ្រួសារ ស្មើនិង៩១៩ក្បាលដី ឬទំហំ៤១០,៤៩ហិកតា មកពីភូមិចំនួន៣ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយភាពក្រីក្រ បង្កើនចំណូលពលរដ្ឋ ថែរក្សាសន្តិភាពនិងផ្តល់កម្មសិទ្ធឯកជន។ ជាក់ស្តែងថ្ងៃនេះ ពលរដ្ឋទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ដែលជាកម្មសិទ្ធតកូន តចៅមិនអាចនណារំលោភបានទេ។

លោក ប្រាក់ សុវណ្ណ បានបន្តទៀតថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវចែកជូននៅថ្ងៃនេះ គឺជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិសយ័រដ្ឋបាលដីធ្លី លើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ។ លោកបានរំលឹកថា ក្នុងយុទ្ធនាការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីកន្លងទៅ គឺជាជំហានមួយថ្មី នៃកំណែទម្រង់ដីធ្លីដ៏ស៉ីជម្រៅ ដើម្បីដោះស្រាយស្ថានភាពនៃការកាន់កាប់ដីធ្លី ឲ្យមានសុវត្ថិភាពរឹងមាំ ធ្វើឲ្យកសិករមានដីកសិកម្ម ដើម្បីធ្វើអាជីវកម្មលើកកម្ពស់ជីវភាពរស់នៅ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ទម្រាំទទួលបានបណ្ណកម្មសិទ្ធនេះ ក្រុមការងារបានរៀបចំកិច្ចដំណើរការនៃការអនុវត្តកម្មវិធីអនុវិសយ័រដ្ឋបាលដីធ្លី របស់រាជរដ្ឋាភិបាលនៅស្រុក- ក្រុងគោលដៅរបស់ខេត្ត ទៅតាមជំហានការងារនីមួយៗ ចាប់តាំងពីប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដី និងបំពេញទម្រង់បែបបទប្រមូលទិន្នន័យម្ចាស់ក្បាលដី បញ្ចូលទិន្នន័យម្ចាស់ក្បាលដី ការបិទផ្សាយជាសាធារណៈ នូវទិន្នន័យម្ចាស់ក្បាលដីទាំងអស់ ក្នុងតំបន់វិនិច្ឆ័យក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់សុំកែតម្រូវទិន្នន័យ រហូតបានបញ្ចប់រយៈពេលបិទផ្សាយជាសាធារណៈ។

លទ្ធផលសម្រេចបានគួរជាទីមោទនខាងលើនេះ គឺអាស្រ័យដោយក្រុមការងារទាំងអស់របស់កម្មវិធី ដែលបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ និងមានជំនឿជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានោះលោក ប្រាក់ សុវណ្ណ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកបក្ស ពួកក្បត់ជាតិសម រង្សី ដែលញ៉ុះញង់ បង្កអសន្តិសុខ ចូលរួមក្បត់ជាមួយពួកគេសោះ ព្រោះគ្មានលទ្ធផលល្អ។ អ្នកចូលរួមជាមួយ នឹងត្រូវប្រឈមមុខផ្លូវច្បាប់ដោយមានទោស ចាប់ពី៥ឆ្នាំឡើងទៅ។ ដូច្នេះកុំរវីរវល់និងបក្សពួកក្បត់ជាតិឲ្យសោះ ត្រូវយកថ្ងៃទី៩ ខែវិច្ឆិកានេះ ដើម្បីអកអំបុកជុំគ្នា និងសប្បាយរីករាយបុណ្យអុំទូកប្រពៃណីជាតិវិញ ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្សប្រសើរជាង។

ដោយឡែកលោក សំ សារឿន បានញ្ជាក់អំពីសារៈសំខាន់និងផលប្រយោជន៍ នៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋឲ្យយល់ជ្រួតជ្រាប និងត្រូវថែរក្សាឲ្យបានត្រឹមត្រូវ ទុកសម្រាប់យើងយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ៕