(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ដែលនឹងធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានអង្គប្រជុំ រួមនឹងមានការអញ្ជើញចូលរួម សមាជិក្រុមប្រឹក្សាខេត្ត ប្រធានមន្ទី អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទបានចូលរួម។

លោក អ៊ុ រាត្រី បានជំរុញដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នាឱកាស នៃការប្រណាំងទូកសម្រាប់ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះ ត្រូវឲ្យបានរួចជាស្រេច ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ដែលមកចូលរួមទស្សនា ការប្រណាំងទូករយៈពេល ២ថ្ងៃឲ្យបានល្អប្រសើរ ពិសេសត្រូវដាក់ កងកម្លាំងតាមគោលដៅដែលបានកំណត់ ដើម្បីធានាដល់សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមកចូលរួម។

ម្យ៉ាងវិញទៀតវិញ អ៊ុ រាត្រី ក៏បានជំរុញដល់ក្រុមការងារ ត្រូវរៀបចំត្រៀមលក្ខណៈចាប់ពីពេលនេះតទៅ ទាំងទីតាំងប្រណាំងទូក ការរៀបចំប្រទីបរបស់ស្ថាប័ន អង្គភាពនីមួយៗ ព្រមជាមួយនឹងទីតាំង នៃការតាំងពិព័រណ៌ភូមិមួយផលិតមួយផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការប្រណាំងទូក នៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩នេះ មានទូកចូលរួមប្រកួតចំនួន២៥ទូក ក្នុងនោះ៖ ទូកចំណុះ៧០នាក់ឡើង មាន២ទូក, ទូក៦០នាក់ឡើង មាន២ទូក, ទូក២២នាក់ឡើង មាន១៥ទូក, ទូក៥នាក់ មាន៤ទូក និងទូក៣នាក់ មាន២ទូក។ កម្មវិធីបើកការប្រណាំងទូក នឹងចាប់ផ្តើមពីម៉ោង ៩ព្រឹក ថ្ងៃទី២៩ ខែតុលា និងបិទបញ្ចប់នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៣០ ខែតុលា៕