(ភ្នំពេញ)៖ លោកស្រី ម៉ាន ចិន្ថា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអះអាងថា នៅកម្ពុជាស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំងនោះ អាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ហើយគ្រប់ទម្រង់ នៃអំពើហិង្សាទាំងនេះអាចកើតឡើងដោយមិនគិតពីកម្រិតនៃប្រាក់ចំណូលកម្រិតវប្បធម៌ និងចំណេះដឹងឡើយ ហើយទម្រង់ នៃអំពើហិង្សាលើស្ត្រី ដែលកើតឡើងភាគច្រើននៅកម្ពុជា គឺអំពើហិង្សាក្នុងគ្រួសារ (អំពើហិង្សាពីដៃគូស្និទ្ធស្នាល) និងអំពើហិង្សាផ្លូវភេទ។

ការអះអាងបែបនេះ នៅក្នុងឱកាសដែលអញ្ជើញជាតំណាងក្រសួងកិច្ចការនារី បានសហការជាមួយ ក្រសួងកិច្ចការនារី និងក្លឹបអ្នកការសែតកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តក្រមប្រតិបតិ្តប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពីហិង្សាលើស្ត្រី និងការលើកកម្ពស់សមើភាពយេនឌ័រ» នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ នៅភោជនីយដ្ឋាន ទន្លេបាសាក២ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរលោកស្រី ម៉ាន ចិន្ថា ក៏បានថ្លែងអំណរគុណដល់អង្គការ UNDP ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំ ឱ្យសិក្ខាសាលាដើម្បីឱ្យសិក្ខាកាម បានយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានសំខាន់ៗ ក្នុងការរាយការណ៍ព័ត៌មាន ដែលទាក់ទងនឹងអំពើហិង្សាលើស្ត្រី ដែលឆ្លើយតបទៅនឹងការ អនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ ការរាយការណ៍អំពើហិង្សាលើស្ត្រី ឱ្យមានប្រសិទ្ធភាពផងដែរ។

លោកស្រី បានអះអាង យ៉ាងដូច្នេះថា៖ «នៅប្រទេសកម្ពុជាស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការទទួលរងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំង នោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ហើយគ្រប់ទម្រង់នៃអំពើហិង្សាទាំងនេះ អាចកើតឡើងដោយមិនគិតពី កម្រិតនៃប្រាក់ចំណូលកម្រិតវប្បធម៌ និងចំណេះដឹងឡើយ ហើយទម្រង់នៃអំពើហិង្សាលើស្ត្រី ដែលកើតឡើងភាគច្រើននៅកម្ពុជា គឺអំពើហិង្សាក្នុងគ្រួសារ (អំពើហិង្សាពីដៃគូស្និទ្ធស្នាល) និងអំពើហិង្សាផ្លូវភេទ»។

លោកស្រីបានឱ្យដឹហងថា យោងតាមរបាយការណ៍នៃការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១៤ បានបង្ហាញថា ស្ត្រីប្រហែល២នាក់ ក្នុងចំណោមស្ត្រី៥នាក់ បានសុំជំនួយដើម្បីបញ្ឈប់អំពើហិង្សាដែលពួកគេបានរងគ្រោះ ប៉ុន្តែមានតែ២៤% ប៉ុណ្ណោះ ដែលបានស្វែងរកជំនួយ ពីសេវាផ្លូវការ។ ទន្ទឹមនឹងការទទួលរង អំពើហិង្សា ការមាក់ងាយ និងការរើសអើងក្នុងសហគមន៍ ស្ត្រីនិងក្មេងស្រី នៅបន្តកើតមានការរំលោភបំពាន ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលអាចបង្កើននូវហានិភ័យ នៃអំពើហិង្សាកើតចេញពីការរាយការណ៍ស្តីពី អំពើហិង្សាលើស្ត្រី និងមិនបានផ្តោត ទៅលើការគិតគូពីយេនឌ័រ។

លោកស្រី បានបន្ថែមទៀតថា ទោះបីមានក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏ដោយ ក៏មិនទាន់មានបទដ្ឋានជាក់លាក់ ដើម្បីធានាដល់ការយកចិត្តទុកដាក់ចំពោះយេនឌ័រ ហើយក៏មិនបានគោរព និងរក្សាការសំងាត់របស់ជនរងគ្រោះនៅពេលមានការរាយការណ៍ ពីអំពើហិង្សាលើស្រ្តីនោះឡើយ។ សកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់ជាវិជ្ជមាន ទៅលើសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហើយក៏ជាបញ្ហាប្រឈម ក្នុងការទទួលបានកិច្ចការពារ និងសេវាសំខាន់ៗផ្សេងទៀត។

ដើម្បីដោះស្រាយបញ្ហាខាងលើរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្រ្តី និងអំពើហិង្សា ក្នុងគ្រួសារដោយបញ្ហាទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ដោយបានដាក់ចេញនូវសូចនាករសំខាន់ៗ នៅក្នុងឯកសារការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាព (CDHS) និងគោល
ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (CSDG)ជាដើម។

នៅក្នុងអភិក្រមនៃការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធបានទទួលស្គាល់អំពីតួនាទីយ៉ាង សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដែលជាភ្នាក់ងារបាននឹងកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសាធារណជនទូទៅ។ នៅប្រទេសកម្ពុជា សេរីភាពសារព័ត៌មាន កំពុងមានការវិវឌ្ឍយ៉ាងខ្លាំង ជាពិសេសការផ្សាយព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិច និងបណ្តាញសង្គម ដែលបានបង្កផលជាវិជ្ជមានផង និងអវិជ្ជមានផងដល់សង្គម ដែលបច្ចុប្បន្ននៅប្រទេសកម្ពុជា មានប្រជាជនវ័យក្មេងជាច្រើន
បានចូលរួមយ៉ាងស្រស្រាក់សស្រាំ ជាពិសេសនៅក្នុងតំបន់ទីក្រុងដែល ជាឱកាសដ៏ល្អក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលជាចំណែកមួយ ធ្វើឱ្យមានការរីកចំរើននូវប្រព័ន្ធឌីជីថល ក្នុងការកសាងប្រទេសឱ្យមានការអភិវឌ្ឍន៍ ក្នុងវិស័យប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ដូចច្នេះយើងចង់ឱ្យការចូលរួមនេះ ក្លាយទៅជាបទពិសោធន៏ដែលមាន ភាពជាវិជ្ជមាន ដែលតម្រូវឱ្យយើងទាំងអស់គ្នា ជាអ្នកយកព័ត៌មានធ្វើការ សម្របសម្រួលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្ត្រីដែលជាកិច្ចការ និងបេសកកម្មសំខាន់មួយ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតសង្គមដោយពង្រឹង និងពង្រីកយន្តការនៃការប្រាស្រ័យទាក់ទងការផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងផ្សេងៗ ទាំងនៅក្នុង និងក្រៅស្ថាប័នក្នុងការលើកកម្ពស់ ការពារសិទ្ធិជនរងគ្រោះឱ្យបានល្អប្រសើរ។

លោកស្រី ម៉ាន ចិន្ថា បានបញ្ជាក់ថា តាមរយៈកិច្ចសហការរវាងក្រសួងកិច្ចការនារីជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដើរតួក្នុងការ សម្របសម្រួលជាមួយ អ្នកសារព័ត៌មាន និងអ្នកសិល្បៈ ក្នុងការបង្កើនការយល់ដឹង និងគាំទ្រដល់បណ្តាញសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ ក្រុមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍អំពើហិង្សាលើស្រ្តី និងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការចូលរួម ដោះស្រាយបញ្ហា តាមរយៈការរាយការណ៍ស្តីពី អំពើហិង្សាលើស្ត្រីកាន់តែមានប្រសិទ្ធិភាព។

ដើម្បីអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រីឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព គឺមិនមែនមាន តែអង្គភាពផ្សព្វផ្សាយមួយ ឬពីរប៉ុណ្ណោះទេ ការងារនេះតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់៕