(ភ្នំពេញ)៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត សហការជាមួយ Women's World Banking នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានរៀបចំព្រឹត្តិការណ៍ភាពជាអ្នកដឹកនាំ ដើម្បីចូលរួមជំរុញឱ្យស្ត្រីមានកាន់តែច្រើនក្នុងភាពជាអ្នកដឹកនាំ ដើម្បីបង្កើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់អំណាចដល់សហគ្រិនជាស្ត្រី ក្នុងការបង្កើតឱកាស និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត។

ជាក់ស្តែងនៅពេលដែលប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅក្នុងរការផ្លាស់ប្តូរទៅសម័យឌីជីថលនោះ ទាមទារឱ្យមានវិធីសាស្ត្រដ៏សកម្មដែលដឹកនាំដោយបដិវត្តឌីជីថលនៅក្នុងប្រទេស ដើម្បីផ្តល់អំណាចដល់សហគ្រិនស្ត្រីតាមរយៈការបង្កើតឱកាស និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត។ ព្រឹត្តិការណ៍ភាពជាអ្នកដឹកនាំនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញផូគីត្រា ដោយមានសហគ្រិនជាស្រ្តីចូលរួមជាច្រើនអ្នកផងដែរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា ដើម្បីផ្តល់អំណាចដល់សហគ្រិនស្ត្រីនៅកម្ពុជា យើងកំពុងធ្វើការឥតឈប់ឈរលើការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុដែលមាន ហើយក៏បានមើលឃើញពីវិសាលភាពធំធេងក្នុងការធ្វើការជាមួយរដ្ឋាភិបាល និងដៃគូដទៃទៀតនៅក្នុងឧស្សាហកម្ម ដើម្បីបង្កើនការផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យប្រើប្រាស់ដំណោះស្រាយឌីជីថលឱ្យបានកាន់តែច្រើន។ ទោះយ៉ាងណាជាជំហានដំបូងយើងត្រូវផ្តួចផ្តើមកិច្ចពិភាក្សាស្តីពីការរួមបញ្ចូលគ្នា និងជំនះឧបសគ្គទាក់ទងនឹងយេនឌ័រ ដែលស្ត្រីត្រូវប្រឈមនៅក្នុងជីវិតប្រចាំថ្ងៃ។

លោក ម៉ានូ រ៉ាចាន់ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះបានផ្តល់ជាវេទិកាអន្តរកម្មនៅក្នុងទម្រង់នៃការពិភាក្សាជាក្រុមស្តីពី «ហេតុអ្វីបានជាភាពចម្រុះយេនឌ័រមានសារៈសំខាន់?» ដោយមានការចូលរួមពីវាគ្មិន ដែលទទួលបានជោគជ័យនៅក្នុងកិច្ចជាច្រើនដូចជា៖ ឧកញ៉ា កែវ មុំ ដែលជាសហគ្រិន លោកជុំទាវ កុយ សូដានី មកពីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី Nicky Enriquez មកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក ស៊ុន ឈាងស្រេង មកពីធនាគារឯកទេស ហើយមានគោលបំណងដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមជាស្ត្រី និងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយដើម្បីអភិវឌ្ឍន៍ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំ និងផែនការសកម្មភាពមួយ ដើម្បីធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត។

ឧកញ៉ា កែវ មុំ បានឱ្យដឹងដែរថា ស្ត្រីគឺជាកម្លាំងចលករមួយក្នុងការជួយដល់សង្គមយ៉ាងខ្លាំង ប៉ុន្តែដោយសារតែទំលៀម ទំលាប់ប្រពៃណីជាច្រើន ដែលធ្វើឱ្យមានការរាំងស្ទះដល់ស្ត្រី ដែលធ្វើឱ្យស្ត្រីមិនសូវបានចូលរួមចំណែកជួយសង្គមជាតិបាននោះទេ ជាក់ស្តែងកាលពីជំនាន់មុនៗគេតែងតែមិនឱ្យស្ត្រីរៀនបានច្រើននោះទេ គឺគេឱ្យតែនៅផ្ទះ ដាំបាយធ្វើម្ហូប មើលថែកូនចៅ ផ្ទះសំបែងតែប៉ុណ្ណោះ។

ឧកញ៉ា កែវ មុំ បានបញ្ជាក់ទៀតថា ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកតែងតែបានគិតថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូចនេះហើយស្ត្រីគឺជាកម្លាំងចលករមួយដ៏មានសំខាន់ដែលជួយដល់សង្គម ដូចនេះយើងត្រូវតែជួយឱ្យស្ត្រីបានចូលរួមក្នុងសង្គមឱ្យបានច្រើន តាមរយៈការជួយលើកទឹកចិត្ត ជួយគាំទ្រ និងជួយជំរុញឱ្យគាត់ធ្វើ និងចូលរួមធ្វើជាមួយគាត់ផងដែរ នៅពេលដែលគាត់បានធ្វើខុសក្នុងប្រការណាមួយ។ ជាមួយគ្នានោះស្រី បានជំរុញឱ្យស្ត្រីចូលរួមធ្វើការក្នុងសង្គមឱ្យបានច្រើន កុំរំពឹងតែខាងបុរស។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានឲ្យដឹងថា៦១% នៃពាណិជ្ជកម្មដែលចូលរួមចំណែកចំពោះសេដ្ឋកិច្ចប្រទេសត្រូវបានគ្រប់គ្រងដោយស្ត្រីនេះជាតួលេខមួយ ដែលខ្ពស់ជាងប្រទេសដ៏ទៃទៀតនៅក្នុងដំបន់អាស៊ាន។ របាយកាណ៍នេះក៏បានបញ្ជាក់ផងដែរថា ៩០%នៃស្រ្តីដែលដឹងនាំសហគ្រាសធុនតូច និងមធ្យមទទួលបានប្រាក់ចំនេញខ្ពស់នៅឆ្នាំ២០១៨ ដែលកាន់តែបញ្ជាក់ឲ្យឃើញនូវភាពចាំបាច់ក្នុងការដោះស្រាយឧបសគ្គបយេនឌ័រ ដែលបានរារាំងស្ត្រី មិនឲ្យទទួលបាននូវឱកាសស្មើគ្នាក្នុងការប្រកបអាជីវកម្ម៕