(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តបុកម៉ូតូមានទិសដៅស្របគ្នា បណ្តាលឲ្យកម្មការនីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង លើផ្លូវជាតិលេខ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលមូលដ្ឋានក្រុងព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿង មិនទាន់ស្គាល់អត្តសញ្ញាណ (អ្នកបើកបរ និងរថយន្តបើកគេចខ្លួនបាត់) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុកនិងកិន ម៉ូតូ០១គ្រឿងម៉ាក HONDA SCOPY ពណ៌ស គ្មានផ្លាកលេខ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះមានឈ្មោះ សុខ លីណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ (បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕