(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបក្រុមសង្គមងងឹតជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៥នាក់ រួមទាំងដកហូតវត្ថុតាងថ្នាំប្រភេទ ម៉ាទឹកកកចំនួន២៧កញ្ចប់ នៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដោយមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ឆាយ គីមហុង ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅ ភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មុខរបរបើកឡាន, ទី២៖ ឈ្មោះ ផុន គិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ទី៣៖ ឈ្មោះ ណេង ភារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកនៅភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យជាម្ចាស់ថ្នាំ ក្រាមសថ្លាចំនួន ២៧កញ្ចប់, ទី៤៖ ឈ្មោះ ពិន ណារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, និងទី៥៖ ឈ្មោះ ផល សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ចំនួន ៥នាក់ បានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្ដោះអាសន្នរង់ចាំបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕