(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងព័ត៌មាន បានសហការជាមួយ ក្រសួងកិច្ចការនារី និងក្លឹបអ្នកការសែតកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តក្រមប្រតិបតិ្តប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពីហិង្សាលើស្ត្រី និងការលើកកម្ពស់សមើភាពយេនឌ័រ»។

ពិធីនេះបានធ្វើឡើង នៅភោជនីយដ្ឋានបាសាក់២ រាធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ាន ចិន្ថា រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោកស្រី ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា អ្នកសារសារព័ត៌មាន មកពីចម្រុះស្ថានប័ន អង្គភាពពាក់ព័ន្ធ និងសិស្ស និស្សិត យ៉ាងច្រើនផងដែរ។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយក្រមប្រតិបត្តិសម្រាប់ការរាយការណ៍ព័ត៌មានអំពីហិង្សាលើស្ត្រី បទបញ្ញត្តិយេនឌ័រ និងច្បាប់បទដ្ឋានសំខាន់ៗ ដែលទាក់ទងនឹងអំពើហិង្សាលើស្ត្រី ដល់អ្នកសារព័ត៌មាន និងនិស្សិតកំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។

ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងកិច្ចការនារី តាមរយៈកម្មវិធីឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ ដោយប្រើប្រាស់អភិក្រមតាមកម្មវិធី ដែលមានគោលបំណងក្នុងការពង្រឹង និងពង្រីកការបញ្ជ្រាបយេនឌ័រឱ្យកាន់តែស៊ីជម្រៅ និងឈានទៅសម្រេចពេញលេញនៅក្នុងវិស័យជ្រើសរើស ដោយកម្មវិធីនេះ ផ្តោតសំខានលើសមាសធាតុបីសំខាន់ៗ គឺ៖

*១៖ ការពង្រឹងស្ថាប័ន និងយន្តការក្នុងការអនុវត្តគោលនយោបាយ សមភាពយេនឌ័រ
*២៖ ការផ្លាស់ប្តូរឥរិយាបថក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រីកការទទួលស្គាល់ជាសាធារណៈលើមុខងាររបស់ក្រសួងកិច្ចការនារី និងក្នុងចំណោមយុវវ័យ។
*៣៖ ការលើកកម្ពស់ស្ត្រីក្នុងកម្រិតធ្វើសេចក្តីសម្រេច។

ដើម្បីឆ្លើយតបទៅនឹងចំណុចនេះ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងព័ត៌មាន បានដើរតួនាទីក្នុងការសម្របសម្រួល និងចងបណ្តាញជាមួយ អ្នកសារព័ត៌មាន សិស្ស និស្សិត ប្រព័ន្ធផ្សព្វផ្សាយ និងសិល្បករ ក្នុងការបង្កើនការយល់ដឹង និងគាំទ្ររបស់បណ្តាញសារព័ត៌មាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសការអនុវត្តក្រមប្រតិបត្តិ សម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី៕