(កំពង់ឆ្នាំង)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលា ដើម្បីចែករំលែកចំណេះដឹង ជំនាញ បទប្បញ្ញាត្តិ ក៏ដូចជាបទពិសោធន៍សម្បូរទាក់ទងនឹងការវិនិយោគឧបករណ៍និស្សន្ទ នៅខេត្តកំពង់ឆ្នាំង។

សិក្ខាសាលានេះជាគោលដៅទី៤ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមការចូលរួមពីលោក សុខ ដារ៉ា អគ្គនាយករងនៃ គណៈកម្មការមូលបត្រកម្ពុជា តំណាងលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក ស្រ៊ន សំឬទ្ធី អភិបាលរងនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

សិក្ខាសាលានេះរៀបចំឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពី ការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា ការវិវត្តនៃទីផ្សារឧបករណ៍និស្សន្ទ ការបង្កើនទំនុកចិត្តរបស់វិនិយោគិន និងការជួយឱ្យវិនិយោគិន មានភាពរួចរាល់ក្នុងការវិនិយោគលើឧបករណ៍និស្សន្ទ ដែលជាផលិតផលហិរញ្ញវត្ថុ ពេញនិយមលើសកលលោក។

លោក សុខ ដារ៉ា អគ្គនាយករងនៃ គណៈកម្មការមូលបត្រកម្ពុជាបានគូសបញ្ជាក់ពី ស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបេសកកម្ម របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រឹងបទប្បញ្ញត្តិគោលការណ៍ការពារវិនិយោគិន និងស្ដង់ដារនៃការអនុវត្តការជួញដូរ។

លោកក៏បានលើកទឹកចិត្តវិនិយោគិ នឱ្យបង្កើនចំណេះដឹង អភិវឌ្ឍខ្លួនឱ្យរួចរាល់ក៏ដូចជា ជ្រើសរើសក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា ដើម្បីគ្រប់គ្រងហានិភ័យនៅពេលវិនិយោគ។ លោកក៏បានបង្ហាញពីភាពសប្បាយរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលឈានមុខ និងតែងតែមានភាពសកម្មក្នុងការជំរុញ ការផ្ដល់ចំណេះជំនាញវិនិយោគ ដល់សាធារណៈជនកម្ពុជា និងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

 លោក Lawrence Kook អភិបាលនៃ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញពីក្ដីសង្ឃឹម និងសុទិដ្ធិនិយមទៅលើសិក្ខា សាលាតាមបណ្ដាខេត្ត និងជឿជាក់ថានឹងក្លាយជាទុនដ៏សំខាន់ សម្រាប់វិនិយោគិនក្នុងការវិនិយោគ លើផលិតផលឧបករណ៍និស្សន្ទ។

លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបចុងក្រោយ កម្មវិធីជួញដូរប្រកបដោយភាពរលូន និងតម្លាភាពភាពសម្បូរបែបនៃ ផលិតផលជួញដូរ គោលការណ៍ការពារវិនិយោគិន ប្រកបដោយប្រសិទ្ធភាព គុណភាពនៃសេវាកម្ម ការបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹង និងជំនាញ ព្រមទាំងការបង្ហាញឱកាសវិនិយោគល្អៗ និងការបង្កើនតួអង្គក្នុងទីផ្សារជាដើម។

លោក ស្រ៊ន សំឬទ្ធី បានថ្លែងបិទកម្មវិធីសិក្ខាសាលានៅខេត្តកំពង់ឆ្នាំង និងបានអរគុណ ដល់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ដែលបាននាំយកសិក្ខាសាលា ផ្ដល់ចំណេះដឹងទាក់ទងនឹងការវិនិយោគ ដល់ប្រជាជននៅក្នុងខេត្តមួយនេះ។

លោកបានរំលឹកសិក្ខាកាមឱ្យវិនិយោគ ជាមួយតែក្រុមហ៊ុនជំនាញ និងអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីបង្ការហានិភ័យ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការរៀបចំសិក្ខាសាលា ជាមួយរដ្ឋបាលខេត្តនៅតាមបណ្ដាខេត្តចំនួន៩រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និងខេត្តកំពង់ឆ្នាំងនេះតែម្ដង។

សម្រាបព័ត៌មានលម្អិត លោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលា តាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនតាមរយៈគេហទំព័រ www.cdx.com.kh  ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ០២៣ ២២ ៧៧ ៧៧៕