(កោះកុង)៖ អាជ្ញាធរស្រុកមណ្ឌលសីមា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានចុះពិនិត្យនិងបិទបណ្តោះអាសន្នអាជីវកម្មកាយដីលក់ ១កន្លែង ដែលកាយយកដីលក់ហួសដែនកំណត់ ក្នុងបណ្ណកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនខ្លួន រហូតដល់ ២៣០ម៉ែត្រ។

ការចុះពិនិត្យ និងបិទអាជីវកម្មបណ្តោះអាសន្ននេះ មានការដឹកនាំដោយលោក ចេង មុន្នីរិទ្ធិ អភិបាលរងស្រុកមណ្ឌលសីមា, លោក ធុច នាង អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង រួមទាំងមន្ត្រីជំនាញអាជ្ញាធរភូមិ-ឃុំ និងចូលរួមសហការពីកម្លាំងសមត្ថកិច្ចប្រដាប់អាវុធផងដែរ។

លោក ធុច នាង បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនម្ចាស់អាជីវកម្ម ដែលកាយដីក្រហមលក់នេះមាន ឈ្មោះ ទុយ អូន ដែលកាយដីក្រហមលក់ហួសដែនកំណត់ រហូតដល់ប្រវែង ២៣០ម៉ែត្រ ទទឹង៥០ម៉ែត្រ ពីទីតាំងស្របច្បាប់របស់ក្រុមហ៊ុនគាត់ ដែលមានអញ្ញាបណ្ណស្រប់ត្រឹមត្រូវ ចេញអាជ្ញាធរខេត្ត និងមន្ទីររ៉ែថាមពលខេត្ត ហើយក៏ដីមានបណ្ណកម្មសិទ្ធស្របច្បាប់ដែរ។ ប៉ុន្តែអ្វីដែលអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យ និងបិទអាជីវកម្មជាបណ្តោះអាសន្ន ព្រោះភាពជាក់ស្តែងក្រុមហ៊ុននេះ បានកាយហួសទីតាំងចាស់ ដែលបានកំណត់ឲ្យ ដែលមានទំហំ ១ហិចតាចុះក្រោម មិនអាចឲ្យលើពីនេះបានឡើយ។

លោកបានបន្តថា ហេតុដូច្នេះម្ចាស់អាជីវកម្មត្រូវអនុវត្តន៍ ចូលមកទីតាំងចាស់វិញ មិនត្រូវរំលោភបន្តកាយដីថ្មីទៀតឡើយ ហើយបើចង់បន្តកាយដីថ្មីខាងលើនេះ ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។

លោក ចេង មុន្នីរិទ្ធិ បានថ្លែងថា ការចុះពិនិត្យនិងបិទអាជីវកម្មបណ្តោះអាសន្នកាយដីលក់របស់លោកស្រី ទុយ អូន ដោយការអនុវត្តអាជីវកម្មរបស់គាត់ មិនអនុវត្តន៍ទៅតាមលក្ខណតិ្តកៈ ដែលខ្លួនបានសុំដើម្បីប្រកបអាជីវកម្ម តែគាត់បានកាយយកអាចម៍ដីហួសដែនកំណត់ ដែលច្បាប់អនុញ្ញាតឲ្យប្រកបអាជីវកម្ម។ ដោយមើលឃើញភាពមិនប្រក្រតីអាជ្ញាធរ និងមន្ត្រីជំនាញចុះបិទបណ្តោះអាសន្នអាជីវកម្មនេះ ដើម្បីឲ្យគាត់ធ្វើច្បាប់ថ្មី ទើបអាជ្ញាធរអនុញ្ញាតឲ្យបន្តអាជីវកម្មបន្ត។

លោកបានថ្លែងបញ្ជាក់ថា អាជ្ញាធរនឹងចុះត្រួតពិនិត្យទាំងអាជីវកម្មកាយដី ទាំងសំណង់ ទាំងការពុះដីឡូតិ៍ទាំងអស់ គឺតម្រូវឲ្យមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចេញពីស្ថាប័ណ្ណជំនាញ។ អាជ្ញាធរ មិនអនុញ្ញាតឡើយ បើគ្មានឯកសារស្របច្បាប់ត្រឹមត្រូវ ចេញអាជ្ញាធរ ឬជំនាញ៕