(កណ្ដាល)៖ គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលខេត្តកណ្ដាល បានចាប់ខ្លួនអតីតថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ៤នាក់ហើយ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារផងដែរ។ បុគ្គលខ្លះ បានទៅចូលរួមទទួលផែនការធ្វើរដ្ឋប្រហារពីឧក្រិដ្ឋជន សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

មន្ដ្រីនគរបាលជាន់ខ្ពស់ បានប្រាប់ថា ជនទាំង៤នាក់នេះរួមមាន៖

*ទី១៖ ឈ្មោះ ឈុន ថៃ តួនាទីអតីតជំទប់ទី១ ឃុំព្រែកថ្មី ស្រុកកោះធំ
*ទី២៖ ឈ្មោះ លី ម៉េងឃៀង អតីតសមាជិកប្រតិបត្តិស្រុកស្អាង
*ទី៣៖ ឈ្មោះ លី លីន អតីតមេឃុំសំរោងធំ ស្រុកកៀនស្វាយ
*ទី៤៖ ឈ្មោះ ផុន សុភា អតីតមេឃុំឈើខ្មៅ ស្រុកកោះធំ។

សម្រាប់បុគ្គលខ្លះ ត្រូវតុលាការចោទពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអង្គហេតុ «រួមគំនិតក្បត់» ដែលពួកគេបានទៅជួបទណ្ឌិត សម រង្សី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទទួលផែនការអូសទាញចលនាប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់វិញរបស់ទណ្ឌិត សម រង្ស៉ី » នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

គួរជម្រាបថា មួយរយៈក្រោយនេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនអ្នកពាក់ព័ន្ធការធ្វើរដ្ឋប្រហារ និងអ្នកទៅទទួលផែនការពីទណ្ឌិត សម រង្ស៉ី ជាបន្ដបន្ទាប់។ ប៉ុន្ដែក៏មានសកម្មជនមួយ នៅពេលដឹងខ្លួនខុសក៏បានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ចជាបន្ដបន្ទាប់ដូចគ្នាផងដែរ ហើយក៏បានប្រកាសថា ពួកគេនឹងបន្ដសកម្មភាពនេះទៀតឡើយ៕