(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ អ៊ឹង ភីរុន បានថ្លែងថា យើងបានត្រៀមរាល់ជាស្រេចហើយ នូវមន្ដ្រីអធិការកិច្ចប្រមាណជាង៥០០នាក់ ដើម្បីចុះផាកពិន័យជាប្រាក់ ដល់ផលិតករ អាជីវករ និងអ្នកជក់បារី នៅតាមទីតាំងដែលត្រូវបានហាមឃាត់ តាមទីសាធារណៈ កន្លែងធ្វើការ និងទីតាំងហាមឃាត់ផ្សេងៗទៀត នៅចុងឆ្នាំ២០១៩នេះ បន្ទាប់ពីក្រសួងបានចុះទៅអប់រំ និងផ្សព្វផ្សាយទូទាំងប្រទេសរួចមកនេះ។

ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ អ៊ឹង ភីរុន ក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការត្រួតពិនិត្យថ្នាំជក់ ក្រោមប្រធានបទ «កុំឱ្យថ្នាំជក់បំពុលខ្យល់ដង្ហើមអ្នក» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នាសណ្ឋាគារសុខាភ្នំពេញ។

លោកសាស្ដ្រាចារ្យ អ៊ឹង ភីរុន បានថ្លែងបន្ដថា «ដើម្បីទទួលបានសុខភាពល្អ កុំឱ្យថ្នាំជក់បំពុលខ្យល់ដង្ហើមអ្នក សូមប្រជាពលរដ្ឋយើងទំាងអស់គ្នា ត្រូវចូលរួមក្នុងការហ៊ាននិយាយ ទៅកាន់អ្នកជក់បារី ឱ្យទៅជក់ឱ្យឆ្ងាយពីយើង និងប្រាប់ពីគ្រោះថ្នាក់ដល់សុខភាពនៃការជក់បារី និងស្របផ្សែងបារីពីគេនេះ»។

លោកសាស្ដ្រាចារ្យ បានធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ម្ចាស់អាជីវករទាំងអស់ «ត្រូវចូលរួមនិយាយហាមឃាត់ដល់អ្នកជក់បារី ដើម្បីធានាឱ្យបានថាគ្មានថ្នាំជក់ បំពុលខ្យល់ដង្ហើមអតិថិជន នៅក្នុងហាងរបស់អ្នក, ត្រូវដាក់បិទស្លាកសញ្ញាហាមជក់បារី នៅច្រកចេញចូល ដែលធ្វើឱ្យសាធារណជន ងាយស្រួលមើលឃើញច្បាស់ និងមិនត្រូវដាក់តាំងចាន ឬធុងគោះបារី បើមិនដូច្នេះទេ មន្រ្ដីអធិការកិច្ច នឹងផាកពិន័យជាប្រាក់៥ម៉ឺនរៀល ក្នុងមួយករណី និងអ្នកជក់ បារីចំនួន២ម៉ឺនរៀល»

លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា «ថ្នាំជក់គឺជាបញ្ហាសុខភាពសាធារណៈ ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការប្រើប្រាស់ផលិតផលថ្នាំជក់ បង្កឱ្យមានការស្លាប់មុនអាយុ ដោយបណ្តាលឱ្យមានជំងឺ មិនឆ្លង ដែលរួមមាន ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺសរសៃឈាម និងបេះដូងជាដើម»។

លោកស្រីបន្ដថា «អង្គការសុខភាពពិភពលោក បានបង្ហាញថា ថ្នាំជក់បានសម្លាប់មនុស្ស ជិត៨លាននាក់ក្នុង១ឆ្នាំ និងអ្នកស្រូបផ្សែងថ្នាំជក់ប្រមាណ១.២ លាននាក់ក្នុង១ឆ្នាំ ធ្វើឱ្យខាតបង់ថវិកាដោយសារការជក់បារីប្រមាណ១.៤ទ្រីលានដុល្លា។ កម្ពជាមានអ្នកប្រើប្រាស់ផលិតផលថ្នាំជក់ប្រមាណ២លាននាក់ ក្នុងនោះមាន១.៧លាននាក់ជាអ្នកជក់បារី ដែលបណ្តាលឱ្យខាតបង់ថវិការប្រមាណ ២០១,៥៣៤,៧០១ដុល្លារក្នុងមួយឆ្នាំ»

ក្រសួងសុខាភិបាល ក្រោមការដឹកនាំផ្ទាល់ពីលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ក្នុងការការពារសុខភាពសាធារណៈ ដោយជំរុញឱ្យមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ធ្វើការអប់រំប្រជាជនអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ ជំរុញការផ្តល់ប្រឹក្សាលះបង់ទម្លាប់ជក់បារី និងជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធនានា និងសាធារណជនក្នុងការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់។

រាជរដ្ឋាភិបាល ក៏បានចេញអនុកឹត្យលេខ៤៣ អនក្រ.បកចុះ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ដីពីវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ដែលជំរុញឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ អនុវត្តបន្ថែមទៀតយន្តការការការពារប្រជាជនគ្រប់រូបពីផ្សែងថ្នាំជក់។

សូមជម្រាបថា បរិវេណ ដែលត្រូវហាមឃាត់ ការជក់ ឬការបង្ហុយផ្សែង ផលិតផលថ្នាំជក់ នៅកន្លែងធ្វើការឬសាធារណៈ មានដូចជា៖ គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសិក្សា ទារកដ្ឋាន សួនកុមារ សួរច្បារសាធារណៈ គ្រឹស្ថានសាសនា សារមន្ទីរ រមណីយដ្ឋាន វប្បធម៌ប្រវិត្ដសាស្ដ្រ កន្លែងហាត់ប្រាណ ស្ថានីយប្រេងឥន្ទនៈ និងកន្លែងងាយឆាបឆេះ៕