(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អនុសាសន៍ថា អ្នកផ្តល់មុខរបរបង្ហាត់បង្រៀន ជាពិសេសជនមានពិការភាព ត្រូវផ្តល់ និងជ្រើសរើសមុខរបរ និងជំនាញឱ្យសមស្របទៅនឹងប្រភេទពិការភាពរបស់ខ្លួន។

ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្រោយសង្កេតឃើញថា ការងារ និងមុខរបរសម្រាប់ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ និងបានជោគជ័យគួរឱ្យកត់សម្គាល់ ប៉ុន្តែមុខរបរ និងជំនាញ ឬប្រភេទការងារខ្លះ មិនស៊ីសង្វាក់គ្នាទៅនឹងស្ថានភាពរបស់ជនពិការនាំឱ្យការផ្តល់ និងការទទួលការងារ ឬមុខរបរខ្លះជួបឧបសគ្គ។ អ្នកពាក់ព័ន្ធទាំងឡាយ គប្បីគិតគូរធ្វើឱ្យយ៉ាងណា ឱ្យជនមានពិការភាពបង្កើតមុខរបរដោយខ្លួនឯង ជាពិសេសមុខរបរដែលនៅនឹងកន្លែង ឬមុខរបរដែលមិនសូវចាំបាច់ធ្វើដំណើរឆ្ងាយ ព្រោះមុខរបរបែបនេះ អាចផ្តល់លទ្ធភាពឱ្យជនមានពិការភាព អាចបត់បែនទៅតាមស្ថានភាពរបស់ពួកគាត់បានដោយស្រួលជាង ហើយក៏មិនប៉ះពាល់ស្ថាប័ន ឬបុគ្គលណាផ្សេង។

នេះជាការលើកឡើងរបស់លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុង សិក្ខាសាលា និងវេទិកាពិគ្រោះយោបល់ស្ដីពី បញ្ហាប្រឈមរវាងអ្នកទទួល និងអ្នកផ្ដល់សេវាការងារដល់យុវជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា រៀបចំនៅឯសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក ញ៉ឹក វណ្ណារ៉ា បានបញ្ជាក់ដូច្នេះថា «ដើម្បីចៀសវាងពិបាកក្នុងការស្វែងរកការងារធ្វើ ហើយក៏ដើម្បីងាយស្រួលដល់ស្ថាប័នជាអ្នកផ្តល់ការងារជូនផង អ្នកពាក់ព័ន្ធទាំងឡាយ គឺទាំងអ្នកផ្តល់ មុខរបរ និង ផ្តល់ជំនាញ គប្បីផ្តល់ឱ្យសមស្របទៅនឹងស្ថានភាពរបស់ជនមានពិការភាព ចំណែកជនមានពិការភាព មុននឹងសម្រេចចិត្តជ្រើសសិក្សាចាប់យកមុខជំនាញណាមួយ គប្បី ពិចារណាដល់ស្ថានភាពរបស់ខ្លួន ពោលគឺត្រូវជ្រើសរើសមុខរបរ ឬជំនាញណាដែលសមស្របទៅនឹងប្រភេទពិការភាពរបស់ខ្លួន»។

នៅទូទាំងប្រទេសកម្ពុជា មានជនមានពិការភាពប្រមាណជាជាង ៥២ ម៉ឺននាក់ ហើយតាមរយៈការអនុវត្តប្រព័ន្ធការងារសម្រាប់ជនមានពិការភាព ឬច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ គ្រាន់តែកាលពីឆ្នាំ ២០១៨ កន្លងទៅ ជនមានពិការភាពប្រមាណជា ៥.០០០ នាក់ ត្រូវបានជ្រើសរើសចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ និង ឯកជន ហើយត្រូវបានមើលឃើញថា ជនមានពិការភាព នៅមានសក្តានុពលច្រើនទៀតក្នុងការចូលរួមក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងផ្នែកកសាងសេដ្ឋកិច្ចគ្រួសារ។

លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពិការភាពនៅកម្ពុជា មានសន្ទុះ គួរឱ្យកត់សម្គាល់ ហើយ វិស័យពិការភាពនៅកម្ពុជា មានភាពលេចធ្លោជាងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ ហើយមានប្រទេសខ្លះបាន និង កំពុងរៀនសូត្រពីកម្ពុជា ដូចជាឧបករណ៍វាយតម្លៃពិការភាព និងច្បាប់ការងារជនមានពិការភាពជាដើម៕