(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែតុលា ឆ្នាំ២០១៩ នៅតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល ផ្ដាំផ្ញើសួរសុខទុក្ខ និងចែកអាវរងារ ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កងកម្លាំងប្រដាប់អាវុធចំនួន ២២អង្គភាព នៅទិសយោធភូមិភាគទី២។

អំណោយនេះ មិនមែនចែកជូនតែឥឡូវនេះទេ គឺចែកជូនជារៀងរាល់ឆ្នាំ ហើយសម្តេចតេជោ លោកតែងតែយកចិត្តទុកដាក់ នាពេលរដូវភ្លៀងលោកតែងតែយកអាវភ្លៀងមកជូន នៅពេលរដូវរងារលោកតែងតែយកអាវរងារមកជូន ហើយការប្រើប្រាស់ មិនត្រឹមតែនៅដៃទាហានប៉ុណ្ណោះទេ គឺទៅដល់ដៃប្រពន្ធ និងកូនទៅទៀត។

នាឱកាសនោះដែរ អគ្គមេបញ្ជាការ បានបញ្ជាក់យ៉ាងច្បាស់ អំពីការឆ្លងបន្ទាត់ក្រហមទាំង២របស់ជនក្បត់ជាតិ សម រង្សី ដែលបន្ទាត់ក្រហមទី១ គឺមានគំនិតធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ហើយបន្ទាត់ក្រហមទី២ គឺការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ្យ។

«ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងមូល មានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ការហូបអំបុកសាមគ្គីជាតិ»