(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី បានផ្ដាំផ្ញើដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំនិងយកចិត្តទុកដាក់ពង្រឹងពីតួនាទី និងភារកិច្ចរបស់ខ្លួននៅតាមមូលដ្ឋាន ឱ្យបានរីកចំរើនល្អប្រសើរឡើង និងត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ឲ្យបានល្អប្រសើរផងដែរ។

ថ្លែងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី មនុស្សចាស់២០១៧-២០៣០ លោក ញ៉ែម សំអឿន បានជំរុញដល់មន្ត្រី ត្រូវសហការជាមួយអាជ្ញាធរភូមិ-ឃុំ ពីអត្ថប្រយោជន៍ និងផ្សព្វផ្សាយបន្ថែមពីគោលនយោបាយជាតិកម្ពុជាស្ដីពី មនុស្សវ័យចាស់ឱ្យដល់ស្រទាប់យុវជន។

លោក ញ៉ែម សំអឿន បានបន្តថា បច្ចុប្បន្ននេះមនុស្សចាស់នៅប្រទេសកម្ពុជា មានជាង ១លាននាក់ ហើយនៅឆ្នាំ២០៣០ អាចកើនឡើងជាង ២លាននាក់។ លោកថ្លែងថា នៅក្នុងទសវត្សរ៍១ នៃសតវត្សរ៍ទី២១ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានសមាសមាត្រប្រជាជនវ័យចាស់ទាបក៏ដោយ ក៏រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ សម្រាប់មនុស្សចាស់ឆ្នាំ២០០៣ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ជ្ពុជា ក្នុងការចូលរួមអនុវត្តតាមស្មារតីទៅក្រុងម៉ាឌ្រីត ដើម្បីធានាថាមនុស្សវ័យចាស់គ្រប់រូប រស់នៅក្នុងជីវិតមួយប្រកបដោយសេចក្តីថ្លៃថ្នូរដូចគ្នា នឹងមនុស្សវ័យក្មេងដែរ។

លោកអភិបាលរងខេត្តបន្តថា អាយុសម្រាប់ឱ្យនិយមន័យទៅលើប្រជាជនវ័យចាស់ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ឯកសារមួយចំនួនដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និងគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ កំណត់ថា មនុស្សមានអាយុ៦៥ឆ្នាំឡើង ទើបជាមនុស្សចាស់។

របាយការណ៍ស្តីពីប្រជាជននៃការអង្កេតចន្លោះជំរឿន នៃប្រជារាស្ត្រឆ្នាំ២០១៣ និងគោលនយោបាយជាយុទ្ធសាស្ត្រ របស់ក្រសួងសុខាភិបាល សម្រាប់ថែទាំសុខភាពមនុស្សចាស់ឆ្នាំ២០១៦ កំណត់ថាអ្នកមានអាយុ៦០ឆ្នាំឡើង ទៅជាមនុស្សចាស់។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដោយផ្ដោតទៅលើការគាំពារសម្រាប់មនុស្សចាស់នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពួកគាត់ ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃប្រជាពលរដ្ឋ និងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ម្យ៉ាងវិញទៀត ការធានាបែបនេះ គឺផ្ដល់ឱកាសដល់មនុស្សវ័យចាស់អាចចូលរួមដោយសេរី និងថ្លៃថ្នូរក្នុងគ្រួសារសហគមន៍ ក្នុងសកម្មភាពសេដ្ឋកិច្ចសកម្មភាពសាសនា និងសកម្មភាពនយោបាយតាមបំណងប្រាថ្នារបស់ពួកគាត់។ ប្រជាជនវ័យក្មេង ក៏ត្រូវទទួលបានចំណេះដឹង និងជំនាញដែលអាចអនុញ្ញាតឱ្យពួកគាត់ រស់នៅប្រកបដោយផលិតភាព សុខភាពល្អនឹងមានសេចក្តីថ្លៃថ្នូរ នៅពេលពួកគាត់ឈានដល់វ័យចាស់។

លោក ញ៉ែម សំអឿន បានបន្តទៀតថា គោលនយោបាយនេះ បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ដោយលើកកម្ពស់ និងកែលម្អគុណភាពជីវិតរបស់មនុស្សចាស់។ គោលនយោបាយនេះ បានផ្ដោតសំខាន់ទៅលើអាទិភាពសំខាន់ៗចំនួន៩ ចំណុចគឺ៖ ១- សន្តិសុខហិរញ្ញវត្ថុ, ២- សុខភាពនិងសុខុមាលភាព, ៣- របៀបរបបរស់នៅ, ៤- បរិស្ថានអំណោយផល, ៥- វ័យចាស់សកម្ម និងសហគមន៍មនុស្សចាស់, ៦-ទំនាក់ទំនងអន្តរជំនាន់, ៧-ការមិនរំលោភបំពានការមិនអើពើនឹងអំពើហិង្សាលើមនុស្សចាស់, ៨- ស្ថានភាពមានអាសន្ន, និង៩- ការត្រៀមខ្លួនរបស់មនុស្សវ័យក្មេងឈានចូលវ័យចាស់៕