(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្ដីពី ការងាររបស់ស្ត្រីនៅកន្លែងធ្វើការ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានលើកឡើងថា អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ គឺជាកត្តារាំងស្ទះដល់ផលិតភាពការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត។

លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការ និងលុបបំបាត់បញ្ហានេះចេញពីពិភពការងារ ក៏ដូចជាចេញពីសង្គមជាតិទាំងមូល។

ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើន និងអនុវត្តទាំងបទដ្ឋានជាតិ-អន្តរជាតិ ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយអង្គការនានា ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចូលរួមយ៉ាងសកម្មជាមួយក្រសួងការងារ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតជាស្រ្តី និងបានសហការដាក់ចេញជាគោលការណ៍បង្ការ និងទប់ស្កាត់អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅក្នុងកន្លែងធ្វើការ។

លោកបានគាំទ្រនូវការលើកឡើងរបស់តំណាងអង្គការឃែរ និងគម្រោងការងារល្អប្រសើរ ដែលបានបញ្ជាក់ថា បញ្ហាអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារកើតឡើងពីមូលហេតុច្រើនយ៉ាង ដែលចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងបណ្តាញនៃការផ្គត់ផ្គង់ជាសកល (Global Supply Chain) ដែលរួមមានកម្មករនិយោជិត និយោជក ម្ចាស់រោងចក្រ អ្នកបញ្ជាទិញ សហជីព រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

លោក អ៉ិត សំហេង បានបង្ហាញការសង្ឃឹមថា អង្គសិក្ខាសាលាទាំងមូលនឹងចូលរួមកិច្ចពិភាក្សាយ៉ាងផុលផុស ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើបញ្ហាចំពោះមុខ និងសហការគ្នាប្រកបដោយសុឆន្ទៈ ក្នុងការសម្រេចឱ្យបានគោលដៅរួមក្នុងការការពារកម្មករនិយោជិត ជាពិសេសស្ត្រីពីអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។

ដើម្បីឱ្យសិក្ខាសាលានេះដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព លោករដ្ឋមន្ត្រីបានផ្តល់ជូនជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅកន្លែងការងារ គឺជាជំងឺដែលចាំបាច់ត្រូវតែព្យាបាល។
២៖ គ្រប់ភាគីត្រូវតែចូលរួមដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើហិង្សា និងការបៀតបៀនគ្រប់ប្រភេទនៅកន្លែងការងារ។
៣៖ សហជីព អង្គការសង្គមស៊ីវិល គឺជាដៃគូដែលមិនអាចខ្វះបាន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានោះ ក្រសួងការងារក៏មានកិច្ចសហការជាមួយអង្គការឃែរ លើការងារមួយចំនួននៅកម្ពុជាផងដែរ រួមមាន៖
* ផ្សព្វផ្សាយប្រកាស ១៩៤ ស្តីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត។
* បណ្ដុះបណ្ដាលដល់គ្រឹះស្ថានសេវាកម្សាន្ត ម្ចាស់ហាង ស្ត្រីបម្រើការ។
* រៀបចំឯកសារបង្រៀនទាក់ទងនឹងការបៀតបៀន។
* ចូលរួមបង្កើតគោលនយោបាយបៀតបៀននៅកន្លែងធ្វើការជាដើម៕