(ប៊ុលហ្គារី)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្ដ្រីប៊ុលហ្គារី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅវេលាម៉ោងជាង៤ល្ងាច (ម៉ោងនៅរាជធានីភ្នំពេញ) នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីបង្ហាញអំពីលទ្ធផល ក្រោយបញ្ចប់ជំនួបទ្វេភាគី។

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបំពេញទស្សនកិច្ចរបស់សម្ដេច នៅប្រទេសប៊ុលហ្គារីដែលលើកនេះ ជាលើកទី៥ហើយ បន្ទាប់ពីការបំពេញទស្សនកិច្ចលើកទី៤ នៅដើមទសវត្សរ៍ឆ្នាំ៨០។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសប៊ុលហ្គារី រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ៦០ឆ្នាំហើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងចាំមិនភ្លេចដល់រដ្ឋាភិបាលប៊ុលហ្គារ ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្រោយរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ហើយសម្ដេចក៏អរគុណដល់រដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលបានផ្តល់ជំនួយជាបន្ដបន្ទាប់មកកម្ពុជា។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមរំលែកទុក្ខទាហានប៊ុលហ្ការី៣នាក់ ដែលបានបាត់បង់ជីវិត ក្នុងប្រតិបត្តិការនៅដើមទសវត្សរ៍ឆ្នាំ៩០។

ដោយឡែក សម្រាប់ជំនួបទ្វេភាគីលើកនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ជំនួបនេះភាគីទាំងពីរបាននិយាយដោយស្មោះស្ម័គ្រ និងត្រង់ៗ លើទំនាក់ទំនងទ្វេភាគីមានស្រាប់ ហើយសម្ដេចជឿជាក់ថា ទស្សនកិច្ចនេះ នឹងបង្កើតបាននូវលទ្ធផលផ្លែផ្កាថ្មីៗ និងជាផែនទីចង្អុល ផ្លូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាគ្នាដោយផ្តោតលើទំនាក់ទំនងទ្វេភាគី ជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀតរាប់ទាំងអប់រំ។ លើសពីនេះ ជំនួបនេះក៏បង្កើតបានជាយន្តការផ្សេងៗ ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរ ហើយចំណុចនេះ សម្ដេចតេជោថ្លែងថា រដ្ឋមន្ត្រីនឹងធ្វើការមួយចំនួនទៀត ដើម្បីសម្រេចលើអ្វីដែលបានគ្រោងទុក និងពិភាក្សាគ្នារួចរាល់។

ដោយឡែក សម្រាប់វិស័យអប់រំវិញ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងថា ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ និស្សិតកម្ពុជាប្រមាណ២០០នាក់ បានទៅសិក្សា នៅប្រទេសប៊ុលហ្គារី ដែលចំណុចនេះសម្ដេចបានស្នើនាយករដ្ឋមន្ត្រីប៊ុលហ្គារី ផ្តល់អាហារូបករណ៍បន្ថែមទៀត សម្រាប់បណ្តុះបណ្តាលនិស្សិតកម្ពុជា។

នៅក្នុងជំនួបប្រកបដោយភាពស្និទស្នាលនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីប៊ុលហ្ការី មកចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ខាងមុខ។ ជាការឆ្លើយតប នាយករដ្ឋមន្ដ្រីប៊ុលហ្គារី សន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការីហើយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងសូហ្វីយ៉ា៕