(កូរ៉េ)៖ នាយឧត្តមសេនីយ៍ សឺ វ៉ូក (Suh Wook) មេបញ្ជាការកងទ័ពជើងគោកកូរ៉េ បានបញ្ជាក់ពីជំហររបស់កងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ ក្នុងការបន្តជួយ និងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ជាមួយកងទ័ពកម្ពុជា បន្តទៀតទៅថ្ងៃអនាគត។

ការបញ្ជាក់ជំហរបែបនេះរបស់មេទ័ពជើងគោកកូរ៉េ បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោកកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ទៅធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមពិពណ៍សម្ភារយោធា នៅសាធារណរដ្ឋកូរ៉េ។

នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ សឺ វ៉ូក បានលើកឡើងថា ប្រទេសកូរ៉េ និងកម្ពុជា មានទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៧០ និងជាមិត្តដ៏ល្អ។ កន្លងមកកងទ័ពកូរ៉េ តែងតែគាំទ្រ និងជួយដល់កងទ័ពកម្ពុជា លើការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងមធ្យោបាយសម្ភារមួយចំនួន។

នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ សឺ វ៉ូក (Suh Wook) មេបញ្ជាការកងទ័ពជើងគោកកូរ៉េ ផងដែរ។ នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរ បានពិភាក្សាគ្នានលើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីឈានដល់ការបង្កើតទំនាក់ទំនងផ្លូវការមួយ រវាងកងទ័ពជើងគោក ប្រទេសទាំងពីរ។

ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកងទ័ព និងប្រជាជនកូរ៉េ ដែលតែងតែគាំទ្រ និងជួយដល់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកដល់កងទ័ពកម្ពុជាកន្លងមក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយពេលទំនាក់ទំនងការទូតប្រទេសកម្ពុជា និងប្រទេសកូរ៉េ បានចាប់ផ្តើមបង្កើតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទំនាក់ទំនងប្រទេសទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យការពារជាតិ ជាវិស័យអាទិភាពមួយផងដែរ។

លោកឧត្តមសេនីយ៍ឯក សង្ឃឹមជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ បន្ថែមទៀត៕