(ប្រ៊ុយណេ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩ នៅប្រទេសប្រ៊ុយណេ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

ប្រធានកិច្ចប្រជុំឧត្តមមន្រ្តីរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើបូកបី លើកទី១៩ បានរាយការណ៍ពីរបាយការណ៍ និងអនុសាសន៍នៃកិច្ចប្រជុំឧត្តមមន្រ្តីរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើបូកបី លើកទី១៩ នូវចំណុចយុទ្ធសាស្រ្តចំនួន៦រួមមាន៖
១៖ ការពង្រឹងសន្តិសុខស្បៀង
២៖ ការអភិវឌ្ឍថាមពលជីវសាស្រ្ត
៣៖ ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព
៤៖ ការបន្សាំនិងសម្រាលទៅនឹងការប្រែប្រួលអាកាសធាតុ
៥៖ ការត្រួតពិនិត្យជម្ងឺនិងសុខភាពរុក្ខជាតិនិងបសុសត្វ
៦៖ បញ្ហាទាក់ទងទៅនឹងអន្តរវិស័យ។

នៅថ្ងៃដដែលនោះ លោក វេង សាខុន និងគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ ប្រទេសប្រ៊ុយណេ។

ប្រធានក្រុមការងារកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាបានរាយការណ៍ និងផ្តល់នូវអនុសាសន៍ជូនអង្គប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌា លើកទី៥ នូវវឌ្ឍនភាពសកម្មភាពកិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌាកសិកម្ម និងព្រៃឈើ។

សកម្មភាពទី១៖ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើក្នុងចំណុចគន្លឹះ ដែលអាចផ្តល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងផលិតភាពនៃ ផលិតផលកសិកម្ម និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង ក៏ដូចជាលើកកម្ពស់រំហូរផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក។

សកម្មភាពទី២៖ ជំរុញបណ្តាញ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលមានសមត្ថកិច្ច ជាមួយនឹងអ្នកជំនាញកសិកម្ម និងចំណីអាហារ មន្ទីរពិសោធន៍ ស្ថាប័នគ្រឹះស្ថានសិក្សាដែលពាក់ព័ន្ធនិងចំណីអាហារ និងកសិកម្ម កសិករ និងសហគមន៍កសិកម្ម និងអ្នកជំនួញ អាស៊ាន និងឥណ្ឌា

សកម្មភាពទី៣៖ ជំរុញការវិនិយោគ ការបង្កើនសមត្ថភាព ការចែករំលែកពត៌មាន និងបទពិសោធ៍ និងការអនុវត្តល្អប្រសើរ ស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាកសិកម្មការគ្រប់គ្រង និងនវានុវត្តន៍ក្នុងវិស័យចំណីអាហារកសិកម្ម ជលផល និងព្រៃឈើ

សកម្មភាពទី៤៖ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងអនុវិស័យចំណីអាហារកសិកម្ម ជលផល និងព្រៃឈើ ដោយផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយអាស៊ាន សិក្សាពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការប្រើបច្ចេកទេសល្អប្រសើរ ការគ្រប់គ្រងនិងការអនុវត្តនៅកសិដ្ឋាន តាមរយៈការបណ្តុះបណ្តាលនិងផ្សព្វផ្សាយ

សកម្មភាពទី៥៖ គាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តក្របខណ្ឌសន្តិសុខស្បៀងចម្រុះអាស៊ាន (AIFS) និងផែនការយុទ្ធសាស្រ្តសកម្មភាពសន្តិសុខស្បៀង ក្នុងតំបន់អាស៊ាន២០១៥-២០២០។

សកម្មភាពទី៦៖ ជំរុញការពង្រឹងភាពបន្សាំនៃប្រព័ន្ធធម្មជាតិ និងលើកកម្ពស់សមត្ថភាពដែលអាចទទួលបាន របស់សហគមន៍មនុស្សជាតិ ដើម្បីដោះស្រាយគ្រោះថ្នាក់ដល់បរិស្ថាន៕