(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការខេត្តបណ្តុះបណ្តាល បានសំណូមពរ ឱ្យវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន ស្វាយរៀង ក្នុងកំណត់មុខជំនាញសិក្សា និងការអិភវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យស្របតាមស្ថានភាពទីផ្សារ ការងារបច្ចុប្បន្ន ព្រមទាំងចូលរួមសហការក្នុងការផ្តល់ទីកន្លែងសម្រាប់សិក្ខាកាម សិស្ស និស្សិតក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលិក្ខាកាមសិស្ស និស្សិតឱ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សា។

ការលើកឡើងបែបនេះ លោក រស់ ផារិទ្ធ បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងវេទិការផ្សព្វផ្សាយស្តីពី «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោ សែន ស្វាយរៀង ដោយមានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោ សែន ស្វាយរៀង និងលោក ងួន ភុនពិសី អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ ព្រមទាំងលោក លោកស្រីជាចៅសង្កាត់ មេឃុំ និងលោក លោកស្រីតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្អូនៗជាសិស្ស សិក្ខាកាម អាណាព្យាលសិស្ស និស្សិត ជាច្រើននាក់ផងដែរ។

លោក រស់ ផារិទ្ធ បានថ្លែងថា បើគ្មានសន្តិភាពមិនបាច់និយាយការអភិវឌ្ឍនោះទេ ដូច្នេះយើងរួមគ្នាការពារសន្តិភាពនេះ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្ត ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបការងារចិញ្ចឹមជីវិត ព្រមទាំងមានឱកាសគ្រប់គ្រាន់ក្នុងការដើរហើរ និងសិក្សាលើមុខជំនាញផ្សេងៗផងដែរ។

លោក រស់ ផារិទ្ធ បានធ្វើនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន ស្វាយរៀង ដែលបានខិតខំយកចិត្តទុកដាក់បំពេញនូវបេសកម្មជូនជាតិ និងទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកបានបន្តថា ផ្តើមចេញពីសកម្មភាពថ្ងៃនេះ អាចវាយតម្លៃបានថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាវិទ្យាស្ថានពហុបច្ចកទេស ភូមិភាគតេជោ សែន ស្វាយរៀង ត្រូវទទួលរ៉ាប់រងការងារធំៗ ក្នុងដំណាក់កាលនៃការវិវត្តន៍ វិស័យបច្ចេកទេសវិទ្យា ក៏ដូចជាបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ (IR4.4) ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល ផលិតភាពការងាររបស់កម្ម និយោជិក នៅក្នុងតំបន់ជាពិសេសក្នុងខេត្តស្វាយរៀង ត្រូវបានបណ្តាក់ទុនវិនិយោគធំៗ កំពុងតែបង្កើននូវរោងចក្រ សហគ្រាសជាច្រើន ដែលអាចមានលទ្ធភាពទទួលយកកម្មករ ឱ្យបម្រើការងារនៅតាមទីផ្សារការងារ។

លោក រស់ ផារិទ្ធ បានបញ្ជាក់ថា បញ្ហាទាំងអស់នេះ មានការពាក់ព័ន្ធដោយផ្ទាល់ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោស្វាយរៀង ដែលមានតួនាទីសំខាន់ ក្នុងក្នុងបណ្តុះបណ្តាលជំនាញជូនពលរដ្ឋ ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសទៅទៀតថ្ងៃនេះ មានអាជ្ញាធរ លោក លោកស្រីជាមេឃុំ ចៅសង្កាត់ ឪពុកម្តាយអាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស មកពីអនុវិទ្យាល័យ វិទ្យាល័យ ចូលរួមស្តាប់ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងជួយផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋ និងជំរុញឱ្យមកចុះឈ្មោះចូលរៀន និងជ្រើសរើសយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថាននេះផងដែរ។

បើតាមលោក មុត ចិន្តា បានថ្លែងលើកឡើង អំពីសមិត្ថកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន ស្វាយរៀង បានទទួលគម្រោងថ្មី គឺគម្រោងជំនាញ សម្រាប់ការប្រកួតប្រជែង Skills for competitiveness S4C វិទ្យាស្ថាននឹងទទួលបានអគារថ្មី ចំនួន៣ខ្នងឆាប់ៗ ខាងមុខនេះ ១ខ្នងមាន៥ជាន់ សម្រាប់ថ្នាក់រៀន១ខ្នង មាន៥ជាន់ សម្រាប់អន្តរវាសិកដ្ឋាន និង១ខ្នង មាន៣ជាន់ សម្រាប់រោងជាង។

លោកបានបញ្ជាក់ថា វិទ្យាស្ថានមានថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់, កម្រិតសញ្ញាបត្រ័បច្ចេកទេស និងវិជ្ជាជីវៈ, កម្រិតវិញ្ញាបនបត្រសិក្សា (៤ខែ-៦ខែ) កម្រិតវិញ្ញាបនបត្រសិក្សា១សប្តាហ៍ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សរុបចំនួន៣០០នាក់ រួមមានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាសស្ត្រកុំព្យូទ័រ បរិក្ខាត្រជាក់ ក្នុងអគារ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ២ ៣ នេះសិស្សដែលរៀនពូកែ ឬមានចំណាត់ថ្នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភ មួយខែ៦០ដុល្លារ រយៈពេល៩០ខែ។

លោកបានបន្ថែមថា វិទ្យាស្ថាន មានកិច្ចសហការជាមួយវិទ្យាស្ថាន ក្នុងប្រទេសរួមមាន៖ NPIC, NTTI, PPI, ITI, BIT, NIEI និង Khmer Hope, សាកលវិទ្យាល័យបញ្ញាសាស្ត្រ (ផ្នែកបណ្ណាល័យ) និងវិទ្យាស្ថានផ្សេងៗទៀត នៅរាជធានីភ្នំពេញ ទាក់ទងនឹងវិស័យបច្ចេកវិទ្យា៕