(កណ្តាល)៖ ប្រជាពលរដ្ឋទូទាំងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រកាសប្តេជ្ញារួមការពារសន្តិភាពឲ្យបានជាដាច់ខាត និងបាននាំគ្នាប្រកាសប្រឆាំងយ៉ាងខ្លាំងក្លាចំពោះ ផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងចង់បំផ្លាញសេចក្តីសុខរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ប្រជាពលរដ្ឋទាំងអស់ បានចាត់ទុកថា តម្លៃសន្តិភាពដែលរកបាន ដោយលំបាកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគាត់ត្រូវតែរួមការពារមិនឲ្យទណ្ឌិតក្រុមក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក មកបំផ្លាញដោយងាយស្រួលនោះឡើយ។

ការប្រកាសជំហរយ៉ាងម៉ឺងម៉ាត់របស់ប្រជាជាពលរដ្ឋខាងលើនេះ បានធ្វើឡើងនៅចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអំណោយចែកជូនពួកគាត់។ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅវត្តឧទុម្ភរ ឃុំដើមឬស លោកបណ្ឌិត ដួង ហេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំដើមឬស និងលោក នួន ណារិន អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំដើមឫស ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាឃុំ-ភូមិ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជួបការខ្វះខាតចំនួន ៦១គ្រួសារ ស្ថិតនៅក្នុងឃុំដើមឫស។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ដួង ហេង បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូន ដែលខ្វះខាតបានមួយរយៈ និងឆ្លុះបញ្ចាំងឲ្យឃើញពីការគិតគូរ និងយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រមុខដឹកនាំ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោកបណ្ឌិត ដួង ហេង បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ដិត ហ៊ីង ប៊ុនហៀង និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ។ លោកថា ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះតែងតែមានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ក្រោមការណែនាំរបស់សម្តេចតេជោ ចុះទៅជួយភ្លាមៗ មិនឲ្យពលរដ្ឋណារងគ្រោះ ឬអត់ឃ្លានដោយសារអត់អាហារនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហាប្រទេសជាតិវិញ លោកបណ្ឌិត ដួង ហេង នៅតែលើកឡើង និងចាត់ទុកតម្លៃសន្តិភាពរបស់ជាតិ មិនអាចកាត់ថ្លៃបានឡើយ ពោលមិនថាតែនៅក្នុងឃុំដើមឬសនោះទេ ប៉ុន្តែនៅទូទាំងប្រទេស ប្រជាពលរដ្ឋដើរហើរគ្រប់ទីកន្លែង ប្រកបមុខរបរ និងមានជីវភាពកាន់តែធូរធាពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រធានក្រុមការងាររូបនេះ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមួយចំនួនក្នុងទ្វីអឺរ៉ុប ក្នុងនោះ នាយករដ្ឋមន្រ្តីឆែក បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងសម្រេចគោលដៅទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយក៏បានគាំទ្រចំពោះតម្លៃសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

លោកបានប្រាប់ទៅកាន់ប្រជាពលរដ្ឋថា ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានធ្វើការពិនិត្យឡើងវិញ ដោយក្តីពេញចិត្តចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងកម្ពុជា-ឆែក និងវឌ្ឍនភាព ដែលបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងកសិកម្ម។ ក្នុងជំនួបកំពូលគ្នានោះ មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត មេដឹកនាំទាំងពីរ បានទទួលស្គាល់ពីសារសំខាន់ នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍពិភពលោក។

លោកបណ្ឌិត ដួង ហេង ក៏បានលើកឡើងពីផែនការចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលបានប្រកាសចូលមកបំផ្លាញសេចក្តីសុខរបស់ប្រជាជនយើង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមិនមានការគាំទ្រនោះឡើយ ខណៈការរស់នៅ និងប្រកបរបររបស់ប្រជាពលរដ្ឋមានការរីកចម្រើនរាល់ថ្ងៃ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានក្រុមការងារ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមហូបអំបុកសន្តិភាពឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាព្រះរាជពិធីបុណ្យអុំទូក។

លោកក៏បានលើកឡើងពីការបោះឆ្នោតនៅកម្ពុជា ដែលមានអន្តរជាតិជាច្រើនប្រទេសចូលរួមមកអង្កេតការណ៍ និងវាយតម្លៃ តែទណ្ឌិត សម រង្ស៊ី បែរជាប្រកាសមិនទទួលស្គាល់ទៅវិញ គឺជាការមូលបង្ខូចខុសពីការពិតទាំងស្រុង។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីព្រឹកមិញក្នុងមួយគ្រួសារៗ ទទួលបានសម្ភាររួមមាន៖ អង្ករមួយបាវ, មី១កេសតូច, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ប៊ីចេង១កញ្ចប់ និងថវិកា៦០.០០០រៀល ព្រមទាំងប្រគេនបច្ច័យព្រះសង្ឃ ប្រគេនបច្ច័យចូលបុណ្យកឋិនទាន សរុបថវិកាទាំងអស់ជាង២0លានរៀល និង៥០០ដុល្លារ៕