(ភ្នំពេញ)៖ លោក សំរិទ្ធ ឯកសុវណ្ណ ដែលគេស្គាល់ថា ជាអ្នកថតវីដេអូប្រចាំការនៅសមរភូមិប្រាសាទព្រះវិហារ ពេលប៉ះទង្គិចជាមួយទាហានថៃកាលពីឆ្នាំ២០០៨នោះ និងបច្ចុប្បន្នជានាយករងទូរទស្សន៍ CNC បានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ។ ក្រុមគ្រួសាររបស់លោក សំរិទ្ធ ឯកសុវណ្ណ កំពុងជួបការខ្វះខាតខ្លាំងសម្រាប់ថ្លៃព្យាបាលជំងឺ និងអំពាវនាវសុំការជួយពីសប្បុរសជន និងមិត្តអ្នកព័ត៌មាន។

ភរិយារបស់លោក សំរិទ្ធ ឯកសុវណ្ណ បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា លោក ឯកសុវណ្ណ មានមេរោគនៅក្នុងគ្រាប់ឈាម ធ្វើឱ្យគ្រាប់ឈាមក្រហមធ្លាក់ចុះខ្លាំង។ ភរិយារបស់លោកបន្តរៀបរាប់ថា បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតាមដាន និងព្យាបាលជំងឺ។

បច្ចុប្បន្នលោក ឯកសុវណ្ណ ជាបង្អែកដ៏ធំក្នុងគ្រួសារ ខណៈភរិយាមិនមានការងារធ្វើ ហើយកូននៅតូចៗនៅឡើយ។ ការធ្លាក់ខ្លួនឈឺរបស់លោក ឯកសុវណ្ណ ជាការគំរាមកំហែងមួយដល់ជីវភាព ហើយធ្វើឱ្យលោកប្រឈមការលំបាកទាំងការស្វែងរកថវិកាព្យាបាលជំងឺ និងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

បើតាមភរិយារបស់លោក សំរិទ្ធ ឯកសុវណ្ណ បានឱ្យដឹងថា បច្ចុប្បន្ននេះកំពុងជួបការខ្វះខាតខ្លាំងក្នុងការព្យាបាល ព្រោះត្រូវចំណាយថវិកាជាច្រើន។ លោក ឯកសុវណ្ណ និងភរិយា បានអំពាវនាវដល់សប្បុរសជន និងមិត្តអ្នកព័ត៌មានជួយបរិច្ចាគថវិកាជួយសង្គ្រោះជីវិតពីជំងឺ។

សូមបញ្ជាក់ថា លោក សំរិទ្ធ ឯកសុវណ្ណ បានប្រឡូកក្នុងវិស័យព័ត៌មានជាច្រើនឆ្នាំមកហើយ ដោយមានជំនាញជាអ្នកថតវីដេអូ ។ តាមរយៈអាជីពនេះ លោកបានរួមចំណែកជាច្រើនក្នុងការផ្តល់ព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងការវិវឌ្ឍន៍របស់សង្គមជាតិ។ អាជីពនេះ ក៏បានផ្តល់ឱកាសឱ្យលោកធ្វើសកម្មភាពផ្សេងៗជាច្រើនរួមទាំងសកម្មភាពមនុស្សធម៌ផងដែរ។

ជាពិសេសនៅក្នុងពេលកម្ពុជា និងថៃ ប៉ះទង្គិចគ្នានាឆ្នាំ២០០៨ នៅតំបន់ប្រាសាទព្រះវិហារ លោក សំរិទ្ធ ឯកសុវណ្ណ គឺជាអ្នកព័ត៌មានមួយរូបដែលបានចុះទៅថតយករូបភាពជាប្រចាំនៅតំបន់នោះ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរបានជ្រាបពីការវិវឌ្ឍន៍នៃស្ថានការណ៍នាពេលនោះ៕