(ភ្នំពេញ)៖ អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ ដាណា និងជាអគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានប្រកាសថា នឹងផ្ដល់រថយន្តទំនើបមួយគ្រឿងម៉ាក Ford Ranger Wildrak ម៉ូដែលឆ្នាំ២០២០ ដែលមានតម្លៃជាង៥ម៉ឺនដុល្លារ ទៅដល់នារីដែលជាអ្នកលក់ឆ្នើមប្រចាំក្រុមហ៊ុនរបស់ខ្លួន។

កម្មវិធីប្រគល់រង្វាន់នេះ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២០ខាងមុខ។

អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា ការផ្ដល់រង្វាន់ដល់តំណាងចែកចាយនៃផលិតផល NNP គឺដើម្បីរកឃើញអ្នកពូកែលក់ ពូកែរកស៊ីយ៉ាងពិតប្រាកដ។

អ្នកស្រីបានបន្ថែមទៀតថា កម្មវិធីផ្ដល់រង្វាន់នេះ មិនមានការចាប់ឆ្នោតអ្វីទាំងអស់ គឺជ្រើសរើសរកអ្នកលក់បានច្រើនជាងគេ និងពូកែក្នុងការដឹកនាំនារីផ្សេងទៀត ឱ្យចេះរកស៊ីទទួលបានជោគជ័យដូចគ្នា។

អ្នកស្រីបាននិយាយទៀតថា «គ្រប់យ៉ាងដែលមាននៅថ្ងៃនេះ មិនមែនជារឿងចៃដន្យទេ គឺជាអ្វីដែលខ្ញុំបានគិតទុក ហើយថែមទាំងខំប្រឹងធ្វើវារាល់ថ្ងៃ ដើម្បីឱ្យចេញលទ្ធផល។ អំឡុងពេលគ្រប់គ្នាកំពុងដើរ ខ្ញុំបានព្យាយាមរត់ រត់ដើម្បីចាប់ឱកាស ព្រោះដឹងថាឱកាសមិនមែនចេះតែកើតឡើងងាយៗនោះទេ។ បើគិតហើយ គ្មានសកម្មភាព នោះលទ្ធផលក៏មិនចេញមកដែរ។ បើគ្រប់គ្នាព្យាយាមធ្វើវា នឹងឃើញលទ្ធផល ហើយទទួលបានជោគជ័យដូចគ្នា»

គួរបញ្ជាក់ថា ដំបូងឡើយ អ្នកស្រី ទ្រី ដាណា គ្រាន់តែជាអ្នកលក់ខោអាវជជុះ និងឥវ៉ាន់ក្រោមឆត្រ មុខរោងចក្រប៉ុណ្ណោះ។ ក្នុងជីវិតជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូច អ្នកស្រីតស៊ូគ្រប់បែបយ៉ាង និងសន្សំបានប្រាក់មួយចំនួន ក៏ទៅដាក់ទុនរកស៊ីតិចតួច។ ចាប់ផ្ដើមរកស៊ីដំបូង គឺយកគ្រឿងសម្អាងពីគេ មកដើរលក់តាមផ្សារ ដោយជំពាក់ខ្លះ និងឱ្យថ្លៃដើមខ្លះ។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ព្រោះអ្នកខ្លះមិនលក់ឱ្យ ព្រោះគេខ្លាចជំពាក់មិនសង។

ដោយសារមានភាពរួសរាយ និងការអាណិត ទើបធ្វើឱ្យអ្នកលក់តាមផ្សារស្រលាញ់ចូលចិត្ត ហើយជួយយកឥវ៉ាន់កាន់តែច្រើន។ ក្រោយមក អ្នកស្រីមានដើមទុនច្រើនគួរសម ពោលគឺនៅអំឡុងឆ្នាំ២០១២ ក៏ចាប់ផ្ដើមស្គាល់គេ និងប្រថុយយកគ្រឿងសម្អាងពី ប្រទេសថៃមកលក់បន្ត។

ទំនុកចិត្តពីអ្នកតំណាងចែកចាយ ធ្វើឲ្យអ្នកស្រីសម្រេចចិត្តបើកក្រុមហ៊ុននាំចូលគ្រឿងសម្អាងជាផ្លូវការ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ដោយដាក់ឈ្មោះថា ដាណា ទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី។ សព្វថ្ងៃ ក្រុមហ៊ុននេះ មានអ្នកតំណាងចែកចាយបន្ត រហូតដល់រាប់ម៉ឺននាក់ គ្រប់ខេត្ត រាជធានី ទូទាំងប្រទេសកម្ពុជា។ ជាមនុស្សមានក្ដីស្រមៃធំ អ្នកស្រី ទ្រី ដាណា មិនបានបញ្ចប់គោលដៅត្រឹមនេះទេ គឺស្វែងយល់ពីជំនួញថ្មីៗបន្តបន្ទាប់។

ជាមួយគ្នានោះដែរ អគ្គនាយិកាក្រុមហ៊ុនសម្អាងរូបនេះ កឺនឹកឃើញទៅដល់គ្រឿងអលង្ការ មាស ពេជ្រ សម្រាប់តែងខ្លួនរបស់នារី។ បន្ទាប់ពីព្យាយាមសិក្សាពីវាអស់រយៈពេលប៉ុន្មានឆ្នាំរួចមក អ្នកស្រី ទ្រី ដាណា ក៏បានសម្រេចបើកហាងពេជ្រមួយទៀត ដាក់ឈ្មោះថា «ដាណា » កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩៕