(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង លួចសម្ភារ)។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ឈ្មោះ ម៉ែន បូណា ហៅខ្នា អាយុ៣៧ឆ្នាំ បានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង ក្បែរបុរីចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីចូលលួចយកសម្ភារផ្សេងៗ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេពិតជាបានចូលលួចសម្ភារនៅក្នុងឃ្លាំងនោះពិតប្រាកដមែន ហើយរូបគេមានបក្ខពួក០៣នាក់ផ្សេងទៀត មានឈ្មោះ ឧត្តម, ឈ្មោះ ទី, ឈ្មោះ តេវ ដែលតែងតែធ្វើសកម្មភាពលួច និងជក់គ្រឿងញៀនជាមួយគ្នា ជាញឹកញាប់។ រូបគេ និងបក្ខពួក ក្រោយពេលដែលជក់គ្រឿងញៀនហើយ តែងតែពិភាក្សាគ្នា ដើររកកន្លែងលួចសម្ភារផ្សេងៗរបស់ពលរដ្ឋ។

ថ្មីៗនេះ ពួកគេបានស្គាល់ឃ្លាំងមួយកន្លែង ដែលគេទុកចោល ពួកគេក៏បានបបួលគ្នាទៅលួចនៅទីនោះ តែឈ្មោះ ឧត្តម បានទៅលួចនៅឃ្លាំងនោះមុន ដោយលួចបានបំពង់ពន្លត់អគ្គីភ័យ០១, ខ្សែភ្លើងមួយស្បោង, ឌីហ្សង់ទ័រប្រហែល១០ ចំណែករូបខ្លួន និងឈ្មោះ តែវ (គេចខ្លួន) បានទៅលួចដែកចំនួន១៣ដើម នៅម្តុំស្ពានអាកាសក្បាលថ្នល់។

ក្រោយមកទៀត រូបខ្លួនបានចូលទៅលួចក្នុងសម្ភារក្នុងឃ្លាំង ខាងលើម្នាក់ឯង។ ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងទៀតថា រូបគេធ្លាប់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីលួចទុយោបូមទឹកប្រវែង៦០ម៉ែត្រ កាលពីអំឡុងឆ្នាំ២០១៧ និងធ្លាប់បានជាប់ពន្ធនាគារព្រៃស រយៈពេល០១ឆ្នាំ ០២ខែផងដែរ៕