(កំពង់ចាម)៖ ទំនាស់រឿងបង្ហូរទឹកស្រែ ឈានដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាង ចាប់បុរសម្នាក់ ដែលមានវ័យចំណាស់ជាងខ្លួន ចងដៃ ចងជើង រួចវាយដំ និងជ្រមុជទឹកស្រែ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចដីស្រែ ក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ឈ្មោះ លឹម ឡាំ អាយុ៧០ឆ្នាំ រស់នៅភូមិផ្ដៅជុំលិច ឃុំផ្ដៅជុំ ស្រុកជើងព្រៃ បានទៅកាប់ដីបង្ហូរទឹកចេញ ពីស្រែរបស់គាត់ ចូលទៅក្នុងប្រឡាយទឹក។ លុះពេលបង្ហូរនោះ ទឹកក៏បានហូរចូលដីស្រែបុរសម្នាក់ទៀត ឈ្មោះ ប៉ែន នីម៉េ អាយុ៥៩ឆ្នាំ ដែលគាត់ទប់ដី មិនឲ្យទឹកហូរចេញពីស្រែរបស់គាត់។

ភ្លាមនោះបុរសឈ្មោះ ប៉ែន នីម៉េ បានខឹងសម្បានឹងឈ្មោះ លឹម ឡាំ ដែលធ្វើឲ្យទឹកហូរពេញដីស្រែរបស់គាត់។ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នា ទៅវិញទៅមក ប៉ុន្ដែដោយឈ្មោះ ប៉ែន នីម៉េ មានគ្នា២នាក់ប្រពន្ធ ទើបធ្វើឲ្យឈ្មោះ លឹម ឡាំ មិនអាចតតាំងឈ្នះនោះឡើយ។ ដោយឈ្មោះ ប៉ែន នីម៉េ ចាប់ឈ្មោះ លឹម ឡាំ ចងដៃ ចងជើង ជ្រមុជទឹកស្រែតែម្ដង។ ក្រោយមកទើបមានប្រជាពលរដ្ឋទៅឃើញ ហើយបានឃាត់ភាគីទាំងសងខាង និងរាយការណ៍ជូនមន្ដ្រីនគរបាលមូលដ្ឋាន។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានអះអាងថា ពិតជាមានករណីប្រើប្រាស់ អំពើហិង្សាដាក់គ្នាទៅវិញទៅមកប្រាកដមែន នៅចំណុចវាលស្រែ។ លោកបន្ថែមទៀតថា ករណីនេះលោកកំពុងដំណើរការសំណុំរឿងទៅតាមនីតិវិធី ដោយបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។

យ៉ាងណាក៏ដោយសាច់ញាតិជនរងគ្រោះ នៅតែទទូចឲ្យសមត្ថកិច្ច និងតុលាការខេត្តកំពង់ចាម ចាត់វិធានការភាគីជនបង្ក ដោយសារជាការប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ដែលត្រូវទទួលទោស តាមច្បាប់៕