(ភ្នំពេញ​)៖​ រន្ធត់​ណាស់​! បុរស​​៣នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​​ ត្រូវ​​រថយន្ត​បុក​អូស​ជាង​១០០ម៉ែត្រ ​បណ្ដាល​ឲ្យ​ស្លាប់ទាំងបីនាក់​ភ្លាមៗ ​នៅ​កន្លែង​យ៉ាង​អាណោចអាធ័ម​។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២យប់ ឈានចូល​ថ្ងៃ​ទី​១៦ ​ខែ​តុលា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A ​សង្កាត់​ជ្រោយ​ចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។

​សពរបស់ជនរងគ្រោះទាំង៣នាក់ ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹក​ថ្លា ដើម្បីស្វែងរកសាច់ញាតិ​។ ពួកគេទាំង៣នាក់ ជិះម៉ូតូ​១​គ្រឿង​ម៉ាក​ SUZUKI NEX ពណ៌​ក្រហម​លាយ​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CD-1056។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ទាំង៣ ​បាន​ជិះ​ម៉ូតូ១​គ្រឿង ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A ​ស្រប​ទិសដៅ​រថយន្ត​ ភ្លាមៗ​នោះ​រថយន្ត​ម៉ាក​ TOYOTA TACOMA​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2D-9447 បើក​បរ​ដោយ​បុរស​ម្នាក់​​​បោះ​ពួយ​យ៉ាង​លឿន ​ខណៈ​ដែល​មេឃ​កំពុង​ភ្លៀង​ក៏​ជ្រុល​ទៅ​បុក​ចំម៉ូតូ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​អូស​ជាង​១០០ម៉ែត្រ​ ជាប់​បុរស​ពីរ​នាក់​ជាប់​ក្រោម​រថយន្ត​ និង​ម្នាក់​ទៀត​ខ្ទាត​ចេញ​ពី​រថយន្ដ​ស្លាប់បាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម​​។ ភ្លាមៗ​នោះ​គេ​ឃើញ​អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន ​តែ​ត្រូវ​បាន​សមត្ថកិច្ច​ និងប្រជា​ពលរដ្ឋ​រត់​ដេញ​ឃាត់​ បាន​និង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ភ្លាមៗ​ផង​ដែរ៕