(ភ្នំពេញ)៖ ក្នុងឱកាសនៃការចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកស្រី បាន ស្រីមុំ បានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តី ដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ និងការកាត់បន្ថយភាពក្រីក្រ ១%ក្នុងមួយឆ្នាំ ដែលជាគោលដៅរបស់កម្ពុជាក្នុងការអភិវឌ្ឍជាតិ។

ក្នុងនាមគណៈប្រតិភូកម្ពុជា លោកស្រី បាន ស្រីមុំ បានចែករំលែកសមាជិកសភា នៅពិភពលោកដែលមានវត្តមាន នៅទីក្រុងប៊ែលក្រាដ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់គ្រប់ទម្រង់លើការរើសអើងប្រឆាំងស្រ្តី(CEDAW)។

លោកស្រី បានគូសបញ្ជាក់ទៀតថា កម្ពុជាបានខិតខំប្រឹងប្រែងលើកកម្ពស់សមភាពយេនឌ័រ ដើម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសបានបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការផ្តល់សិទ្ធិសេរីភាពពេញលេញជូនស្ដ្រីនៅគ្រប់កម្រិត និងការឧបត្ថម្ភគាំពាស្ត្រីចាប់តាំងពីមានផ្ទៃពោះរហូត ព្រមទាំងបានដាក់ចេញយន្តការនានា ដើម្បីលុបបំបាត់ការរើសអើងស្រ្តីតាមរយៈការបញ្ជ្រាបយេនឌ័រនៅគ្រប់វិស័យ ពង្រីកសហគ្រិនភាពរបស់ស្ត្រី កាត់បន្ថយអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ និងការពង្រឹងកិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី។

គណៈប្រតិភូកម្ពុជា បានគូសបញ្ជាក់ថា ឥឡូវនេះជាពេលវេលាដែលត្រូវប្រើប្រាស់សក្ដានុពលរបស់ស្ត្រី។ យើងត្រូវធ្វើគំរូសម្រាប់ក្មេងស្រី ដូច្នេះពួកគេអាចចាត់ទុកខ្លួនឯងជាអ្នកដឹកនាំ ដែលពួកគេអាចធ្វើទៅបាន។ លើសពីនេះ ត្រូវបន្តលើកទឹកចិត្តដល់បុរស ឪពុក និងក្មេងប្រុសឱ្យគាំទ្រដល់ក្មេងស្រី ហើយត្រូវការចូលរួមពីអ្នកទាំងអស់គ្នា ទាំងឧស្សាហកម្ម សង្គមស៊ីវិល ត្រូវរួមគ្នា ដើម្បីផ្ដល់ឱកាសឲ្យស្ត្រីសម្រាប់ការដឹកនាំ និងការសម្រេចចិត្ត ព្រោះឥឡូវនេះជាពេលវេលាសម្រាប់ស្រ្តីត្រូវធ្វើដំណើរឆ្ពោះទៅមុខ៕