(ហុងគ្រី)៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្រោមប្រធានបទ «ការទប់ស្កាត់វិបិត្តទឹក» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យនិយមន័យទឹកថាជា «មាសស» រហូតដល់ក្លាយទៅជាចំណាប់អារម្មណ៍របស់មេដឹកនាំប្រទេសមួយចំនួន ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។

ក្នុងពេលទទួលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅប្រទសហុងគ្រី នារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នោះ លោក Janos Ader ប្រធានាធិបតីហុងគ្រី បានបង្ហាញអំពីការចាប់អារម្មណ៍ខ្ពស់ចំពោះពាក្យថា «មាសស» ដែលថ្លែងដោយសម្តេចតេជោ។ មិនតែប៉ុណ្ណោះ លោកបានស្នើសុំប្រើប្រាស់បន្តនូវពាក្យថា «មាសស» នេះ ក្នុងវេទិកាទាក់ទងជាមួយទឹក ដោយផ្តល់កម្មសិទ្ធិបញ្ញាជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីលោក Janos Ader ប្រធានាធិបតីហុងគ្រី ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖ «ជាពិសេសឯកឧត្តម បានគូសបញ្ជាក់ពាក់ព័ន្ធនឹងពាក្យសម្តីរបស់ សម្តេចតេជោ ហ៊ុន សែន បានប្រើ គឺ "មាសស" ពាក្យពេចន៍នេះល្អ បើសិនជាសម្តេចមិនរក្សាកម្មសិទ្ធិបញ្ញាទេ គឺគាត់ស្នើសុំប្រើប្រាស់ពាក្យនេះ ដើម្បីអត្ថាធិប្បាយពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក»។

លោកបានដកស្រង់បន្តទៀតថា៖ «បើសិនជាសម្តេចតេជោ ហ៊ុន សែន ទាមទាររក្សាសិទ្ធិនេះ គាត់នឹងប្រើពាក្យនេះហើយជូនកម្មសិទ្ធិបញ្ញាទៅសម្តេចនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា»

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកប្រធានាធិបតីហុងគ្រី ដែលបានអញ្ជើញសម្តេចមកចូលរួមកិច្ចប្រជុំកំពូល ស្តីពីទឹកលើកទី៣នាពេលនេះ។ សម្តេចបានពិភាក្សា ជាមួយប្រធានាធិបតីហុងគ្រី អំពីបញ្ហាទឹកមួយចំនួនទៀត ក៏ដូចជាខ្លឹមសារក្នុងកិច្ចប្រជុំស្តីពីទឹកនៅព្រឹកមិញនេះ។

មិនតែប៉ុណ្ណោះ សម្តេចបានមានប្រសាសន៍ថា ទឹកជាបញ្ហាសំខាន់គន្លឹះសម្រាប់ប្រទេសកម្ពុជា ដែលថ្មីៗនេះ កម្ពុជា បាត់បង់កម្លាំងថាមពលអគ្គិសនីចំនួន១ពាន់មេហ្គាវ៉ាត់ ដោយសារតែវារីអគ្គិសនីរបស់កម្ពុជា ខ្វះទឹកនាខែកន្លងទៅនេះ៕