(ចិន)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងបងប្អូននិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសចិន បានរៀបចំពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

លោក ណុប វាសនា ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន អាណត្តិទី៣ បានឲ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គឺរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅតាមបណ្តាខេត្តក្រុងនៃប្រទេសចិន។

ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។

ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ទិវាដ៏សែនអាឡោះអាល័យនេះ ជាគម្រប់ខួប៧ព្រះវស្សា នៃការយាងសោយទីវង្គតរបស់ព្រះអង្គ។ ប្រជារាស្ត្រជាកូនចៅ ចៅទួត ចងចាំជានិច្ចនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ពិសេសគឺព្រះរាជកិច្ចទាមទារឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ក្រុមការងារសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងបងប្អូននិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសចិន សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គបានយាងសោយសុខនៅឋានសួគ៌៕