(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ នៃការយាងចូលព្រះទីវង្គតរបស់ព្រះអង្គ (កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២) វេលាម៉ោង០១៖២០នាទី រំលងអាធ្រាត ក្នុងព្រះជន្មាយុ៩០ព្រះវង្សា ដោយជរាពាធនៅមន្ទីរពេទ្យ ក្រុងបេកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

អង្គពិធីបានធ្វើឡើង នៅក្នុងសាលមហោស្របខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រី រាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ ធ្វើឡើងដើម្បីសំដែងនូវការគោរព ស្រឡាញ់ និងរំលឹកគុណូបការៈ ដ៏ធំធេងរបស់ព្រះអង្គ (សម្តេចឪសម្តេចតា សម្តេចតាទួត) ដែលព្រះអង្គបានបំពេញរាជកិច្ច និងមានស្នាព្រះហស្ថដ៏ធំធេង ឧត្តុង្គឧត្តម ចំពោះជាតិមាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវីរសកម្មភាព ដ៏លើសលប់របស់ព្រះអង្គ ដែលធ្វើ ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យបូរណភាពទឹកដី ឯកភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត និងកិត្យានុភាពដ៏ល្បីល្បាញ នៅលើសកលលោក។

លោក វ៉ា ថន ក៏បានអាននូវជីវប្រវត្តិសង្ខេបរបស់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំនៃការយាងសោយទិវង្គត។

បន្ទាប់មកគណៈអធិបតី រួមនឹងមន្ត្រីរាជការ កងកម្លាំង សិស្ស និស្សិត ស្តាប់ព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសថ្វាយនូវព្រះរាជកុសលផលបុណ្យ ជូនចំពោះវិញ្ញណក្ខន្ធ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងឯកភាពជាតិខ្មែរ។

ជាមួយគ្នានោះលោក វ៉ា ថន ក៏បានបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយព្រះបរមសុខក្នុងសុគតិភព និងសូមឱ្យព្រះវិញ្ញាណក្ខន្ធ ដ៏ស័ក្កិសិទ្ធិរបស់ព្រះអង្គតាមជួយប្រោសប្រទានសាធុការពរជ័យ ដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រជារាស្រ្តខ្មែរទូទាំងប្រទេស ប្រកបដោយវឌ្ឍនភាព វិបុលសុខ និងសុខកេក្សាន្ត រុងរឿងជាយូរអង្វែងតរៀងទៅ៕