(កណ្តាល)៖ ប្រជាពលរដ្ឋ ១៤គ្រួសារ រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយពាក្យស្បថគ្រប់បែបយ៉ាងជាមួយម្ចាស់ទឹកម្ចាស់ដីបើនិយាយមិនពិត ពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគេ ដែលមានជម្លោះជាមួយក្រុមហ៊ុន។ ប្រជាពលរដ្ឋទាំងនេះ បានចេញមកតវ៉ាម្តងទៀត កាលពីថ្ងៃទី១៤ ខែតុលា នៅចំណុចដីស្រែចំការរបស់ពួកគាត់ ដែលពួកគាត់បានចោទទៅប្រធានភូមិ សាលាតាព្រហ្ម លោក សួង សំអុល លួចយកទៅលក់ឲ្យក្រុមហ៊ុន។

ការចេញមកប្រមូលផ្តុំរបស់ប្រជាពលរដ្ឋទាំង១៤គ្រួសារនេះ ធ្វើឡើងតាមការណាត់ជួប ប៉ុន្តែការណាត់ជួបនេះ ត្រូវខកខានទៅវិញដោយសារអាជ្ញាធរ និងភាគីខាងក្រុមហ៊ុន មិនបានមកជួបតាមសន្យាថា នោះទេ ដែលថា ជួបគ្នានៅម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែតុលា។ ប្រជាពលរដ្ឋ១៤ គ្រួសារបានអង្គុយផង ឈរផង រង់ចាំរហូតដល់ម៉ោង១១ថ្ងៃ ដើម្បីចាំជួបជាមួយអាជ្ញាធរ និងក្រុមហ៊ុន ប៉ុន្តែនៅតែមិនឃើញមកជួបដដែល ទើបប្រជាពលរដ្ឋសម្រេចនាំគ្នាចុះបោះបង្គោលព្រំដីរបស់ខ្លួន ដែលមានទំនាស់ជាង ២០ឆ្នាំ ដែលត្រូវបានគេហាមឃាត់មិនឲ្យពួកគាត់ ចូលអាស្រ័យផលនោះ។

ប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មានថា ការណាត់ជួបដោះស្រាយរបស់អាជ្ញាធរ តែមិនបាននេះ បានធ្វើឲ្យពួកគាត់គិតថា ជារឿងសាំទៅហើយ។ ស្ត្រីឈ្មោះ ឡេង សេង រស់នៅភូមិប្រាសាទ ឃុំ ព្រែកស្លែង ស្រុកណ្តាលស្ទឹង ក៏បានលើកឡើងថា ដីរបស់គាត់ត្រូវបានគេយកទៅលក់ដោយមានស្នាមផ្តិតមេដៃឈ្មោះ ឌុល ធី ជាប្តីរបស់គាត់នៅឆ្នាំ១៩៩៧ ចំណែកប្តីរបស់គាត់បានស្លាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ចុះហេតុអីបានជាមានស្នាមមេដៃប្តីគាត់ ខណៈគាត់ជាប្រពន្ធនៅរស់ក៏មិនបានលក់ដីឲ្យក្រុមហ៊ុននោះទេ។

ពាក់ព័ន្ធការចោទប្រកាន់នេះ លោក សួង សំអុល មេភូមិសាលាតាព្រហ្មនិយាយថា នៅភូមិនេះមានកាតព្វកិច្ច២ គឺកងទ័ព និងក៥ ជាក្រវាត់ក្រុងយាមរាល់យប់។ ដំបូងបង្អស់មានប្រជាពលរដ្ឋ ៨៩គ្រួសារ មករស់នៅ ដោយឡែក មានបងប្អូនប្រជាពលរដ្ឋ ១៤គ្រួសារ អត់បានដីដោយសារនៅឆ្ងាយពីមន្ទីរពេទ្យ ឆ្ងាយពីសាលារៀនផង ត្រូវយាមផង ដូចជាទាហានអញ្ចឹង។ ពេលពួកគាត់មកនៅ គឺទទួលបានដីដូចគេឯងអញ្ចឹង លុះពេលពួកគាត់រស់នៅអត់កើត ក៏ឡើងទៅភូមិលើៗវិញ ជាបន្តបន្ទាប់។ អញ្ចឹងគោលការណ៍កាលណោះ ខាងកសិកម្មឃុំ គឺធ្វើមិចស្តារដីនោះឱ្យអស់ អញ្ចឹងអ្នកដែលមកនៅ គឺចេះតែទទួលបានដីជាបន្តបន្ទាប់ ហើយអ្នកដែលមកនៅថ្មី ក៏អាជ្ញាធរចែកដីឱ្យផងដែរ។ ដូច្នេះរឿងនេះវាយូរណាស់មកហើយ ហើយគាត់ក៏ចេះតែទាមទារជាបន្តបន្ទាប់ លោកក៏អាណិតអាសូរ្យពួកគាត់ដែរ បើសិនជាមានថ្នាក់ណា ជួយដោះស្រាយជូនពួកគាត់បានលោកក៏ជួយអរដែរ។ ប្រជាជនក្នុងចំណោម ១៣គ្រួសារ មានអ្នកឡើងទៅភូមិប្រាសាទខ្លះ ក៏អាជ្ញាធរភូមិប្រាសាទឱ្យដីវិញ។

លោកថា ឃុំឆ្ងាយៗ លោកក្តាប់មិនបានទេ គឺក្តាប់បានតែឃុំព្រែកស្លែង ក្នុងចំណោម ១៤គ្រួសារហ្នឹង អ្នកខ្លះឡើងទៅវិញគេមិនទាន់ដក គឺបានដីវិញហើយតែមានមួយចំនួនគេអត់បាន។ ប៉ុន្តែរឿងការចោទប្រកាន់នេះ លោកមិនដឹងជាត្រូវពន្យល់គាត់យ៉ាងមិច ព្រោះពេលដែលគាត់ចេញទៅ គឺគេត្រូវតែយកហើយដីហ្នឹង ដូច្នេះអ្នកក្រោយ គេកាន់កាប់ជាប់លាប់ គឺគេមានសិទ្ធិលក់ហើយ។ ក្នុងអំឡុងឆ្នាំ ១៩៩៥-១៩៩៧ ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មកទិញក្នុង ១ហិកតា តម្លៃ ១លានរៀលប៉ុណ្ណោះ ព្រោះវាសុទ្ធតែជាដីព្រៃដីដែលគេបោះបង់ចោល។ ដូច្នេះ ពួកគាត់ចេះតែលក់ជាបន្តបន្ទាប់ នៅចន្លោះឆ្នាំខាងលើអស់ទៅ។ លុះដល់ឆ្នាំខ្ទង់២០០០ ទើបពួកគាត់មកប្តឹង, លោកក៏ពន្យល់ថា បើពួកគាត់អត់នៅ គឺមិនអាចទៅទាមទារអីបានមកវិញទេ ព្រោះការចាត់ចែងវាហួសអស់ទៅហើយ លោកមិនដឹងធ្វើយ៉ាងមិចទេ។ ប្រជាពលរដ្ឋ មិនទើបតែប្តឹងគាត់ពេលបច្ចុប្បន្ននោះទេ គឺប្តឹងតាំងពីប្រមាណជាង ១០ឆ្នាំ តាំងពីជំនាន់ចៅហ្វាយស្រុកឈ្មោះ ប៊ុនថេង មកម្លេះ។ លុះពេលប្តឹងទៅមិនទទួលបានជោគជ័យ គាត់ក៏បន្តទៅប្តឹងនៅខេត្ត ហើយខេត្តក៏ចុះធ្វើអធិការកិច្ចស្រាវជ្រាវឃើញថា អ្វីៗវាបានហួសអស់ទៅហើយ ហើយពាក្យដែលគាត់ឆ្លើយចោទប្រកាន់ មកលើលោក គឺយកដី៣២អា១៨ គឺក្រឡោនដីចម្ការពោតដែលគាត់មានឈ្មោះនៅក្នុងនោះ ហើយគាត់ក៏ទទួលស្គាល់ថា បានលុយហើយដែរ ដោយសារដីនោះមានទំហំជាង ៣០ហិកតា ដោយឱ្យភូមិ-ឃុំ ក្រុមការងាររៀបចំ ព្រោះក្រុមហ៊ុន ដាក់លុយទាំងមូលមកអត់កើត អញ្ចឹងគេឱ្យយើងអង្កន់ស្មើៗគ្នាទាំងអស់ ហើយក្នុងមួយគ្រួសារកាលណោះ ទទួលបានប្រាក់១០០ដុល្លារ។

លោកថា បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាស្រុក ចាប់អារម្មណ៍ចង់ឱ្យក្រុមហ៊ុន ជួយចេញមុកដោះស្រាយឱ្យពួកគាត់ខ្លះទៅកុំឱ្យអត់។ លោកថា ករណីនេះ ពួកគាត់មកទំលាក់កំហុសមកលើអាជ្ញាធរ តាមពិតជាកំហុសរបស់ពួកគាត់ដែលបោះបង់ចោលទេ៕