(ថៃ)៖ ធម្មយាត្រា៥ដែនដីលើកទី២ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ ដោយធ្វើធម្មយាត្រាចេញពី ស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ ប្រទេសថៃ និង បន្តដំណើរទៅកាន់ប្រទេស៤ទៀតនៃតំបន់ទន្លេមេគង្គ មានដូចជា ថៃ មីយ៉ានម៉ា វៀតណាម ឡាវ និងកម្ពុជាផងដែរ។

អ្វីដែលជាការចាប់អារម្មណ៍នោះ ក្រុមការងារគម្រោងធម្មយាត្រា៥ដែនដី ក្នុងតំបន់ទន្លេមេគង្គ បានមកដល់ខេត្តឈៀងរ៉ាយមុនមួយថ្ងៃ គឺនៅថ្ងៃទី១៤ ខែតុលា ដែលជាការត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់រៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនាដ៏ធំមួយនេះ។

សម្រាប់គណៈប្រតិភូកម្ពុជា មានការនិមន្តចូលរួម និងដឹកនាំផ្នែកគណៈព្រះសង្ឃពីសំណាក់សម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ ក៏មានវត្តមានរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា ព្រមទាំងមន្ត្រីអមដំណើរ ក៏បាននិមន្ត និងអញ្ជើញដល់ខេត្តឈៀងរ៉ាយ ដើម្បីចូលរួមពិធីបើកធម្មយាត្រានៅថ្ងៃទី១៥ ខែតុលានេះផងដែរ។

ចំពោះទីតាំងនៃការរៀបចំវិញ គឺប្រារព្ធធ្វើនៅឯវត្តព្រះធាតុផាង៉ោ ស្ថិតក្នុងស្រុកឈៀងស៊ែន ខេត្តឈៀងរ៉ាយ នៃព្រះរាជាណាចក្រថៃ។ វត្តព្រះធាតុផាង៉ោ មានទីតាំងស្ថិតនៅប៉ែកខាងលិច នៃតំបន់ទន្លេមេគង្គ ទល់មុខនឹងព្រំដែននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ យោងតាមប្រវត្ដិសាស្ដ្ររបស់យ៉ុនណុក បាននិយាយថា «ឃុនផាភីង» ឬ «ព្រះអង្គភីង» ដែលជាចៅហ្វាយក្រុងយ៉ុនណុក នៃរជ្ជកាលទី២៣ គឺជាអ្នកកសាងចេតិយ៍នេះឡើង។

ម្យ៉ាងវិញទៀត នៅក្នុងពិធីបើកធម្មយាត្រា៥ដែនដី នៃតំបន់ទន្លេមេគង្គនេះ ក៏នឹងមានការរៀបចំនូវពិធីសូត្រមន្តពីសំណាក់ព្រះសង្ឃទាំង៥ប្រទេស ព្រមទាំងមានការបង្ហាញជូននូវផែនក្បូនពិសេសរបស់ សាកលវិទ្យាល័យរាជផាត់ ឈៀងរ៉ាយ ទន្ទឹមនឹងផែនក្បូនដទៃទៀត គឺក្បូនរបស់គម្រោងធម្មយាត្រា ៥ ដែនដីតែម្តង។

បន្ទាប់ពីនេះទៅ គណៈនៃក្រុមការងារធម្មយាត្រា នឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ច្រកព្រំដែន ម៉ែសាយ-ថាឃីឡេក ដើម្បីឆ្លងទៅប្រទេស មីយ៉ាន់ម៉ា ហើយបន្តគោលដៅឆ្ពោះទៅខេត្ត ថាឃីឡេក នៃរដ្ឋសានស្ថិតក្នុងទឹកដីនៃប្រទេស មីយ៉ានម៉ា៕