(ប៉ៃលិន)៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋខេត្តប៉ៃលិន ជិត ១ពាន់នាក់ ដែលដឹកនាំដោយលោក សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផាន់ ចាន់ធុល អភិបាលខេត្ត បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ០៧ឆ្នាំ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បន្ទាប់ពីបូជាផ្កា ទៀនធូប ព្រះពុទ្ធរូប និងព្រះសង្ឃជយន្តោ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋខេត្តប៉ៃលិន បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ រួចមក លោក ផាន់ ចាន់ធុល បានអានព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណា សម្តេច ព្រះបាទ នរោត្តមសីហនុ ដោយព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបាន បំពេញព្រះរាជ បូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។

បន្ទាប់មក ព្រះអង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាមព្រហស្ថ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេស ជាតិមានការ រីកចំរើនគួរឲ្យកត់សំគាល់។ សមិទ្ធផលទាំងនោះមានដូចជា៖ សកលវិទ្យាល័យ មហាវិទ្យាល័យជាច្រើន ជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រោងចក្រចំរាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រ តំឡើងត្រាក់ទ័រ និងរថយន្តធំ រោងចក្រស្កស រោងចក្រវាយនភ័ណ្ឌ រោងចក្រក្រចៅ រោងចក្រស៊ីម៉ង់ រោងចក្រកែវ រោងចក្រក្តាបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រកង់ឡាន រោងចក្រត្រីខប្រអប់ រោងចក្រ ផលិត ជ័រ កៅស៊ូ រោងចក្រវារីអគ្គិសនី និងសមិទ្ធិផលច្រើនទៀតនៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។

ព្រះអង្គបានទទួលរងគ្រោះដោយ រដ្ឋប្រហារមិនស្របច្បាប់មួយ នៅភ្នំពេញគឺជារដ្ឋប្រហារយោធាដែលមាន លោក លន់ នល់ ជាមេក្លោងនៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។ ព្រះអង្គបានធ្វើព្រះរាជមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃ អង្គារ ទី១៤ ខែវិឆ្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូតដល់ ព្រះអង្គយាងចូលព្រះទីវង្គតនៅវេលាម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុង ក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ។

នៅក្នុងឱកាសនោះដែរលោក ផាន់ ចាន់ធុល ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តប៉ៃលិន សូមប្តេជ្ញា ការពាររាជបល័ង្ក ការពាររបបរាជានិយម និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណាដែលចង់បំផ្លាញសុខសន្តិភាព និងក្បត់ជាតិ ក្បត់រាជបល័ង្ក។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំ ព្រមទាំងអ្នកចូលរួម ក៏បានប្រគេនសាដក និងបច្ច័យ ដល់ព្រះសង្ឃ ៧អង្គ ដើម្បីថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ០៧ឆ្នាំ និងចែកជូនថវិកាមួយ ចំនួន ដល់យាយជីតាជី ចំនួន ១៥នាក់ផងដែរ៕