(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការ គ្រប់មន្ទីរស្ថាប័នជុំវិញខេត្ត ធ្វើពិធីរំឮកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០១៩) នៅមុខសាលាខេត្ត។

លោក ប៉ែន កុសល្យ បានលើកឡើងថា «យើងទាំងអស់គ្នា បានមកជួបជុំគ្នានៅពេលនេះ ដើម្បីប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ពោលគឺអស់រយៈកាល ៧ឆ្នាំកន្លងទៅហើយ។ ថ្ងៃនេះកាលពី ៧ឆ្នាំមុន ព្រះមហាវីរក្សត្រជាទីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង បានឃ្លាតកាយទៅកាន់ទីដ៏សែនឆ្ងាយគ្មានថ្ងៃត្រឡប់វិលវិញឡើយ សម្រាប់ប្រជានុរាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គ»។

លោកអភិបាលខេត្ត បានបន្តថា ប្រជានុរាស្ត្រទូទាំងនគរ បានសម្តែងនូវការតក់ស្លុតនឹងការសោកស្តាយជាពន់ពេក ប្រៀបបានទៅនឹងការបាត់បង់របស់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់នគរដ៏កំសត់មួយនេះ។ កាលព្រះអង្គគង់នៅមានព្រះជន្មព្រះអង្គ បានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីស្ទើរពេញមួយជីវិត បំពេញព្រះរាជបូជនីយកិច្ចដើម្បីប្រយោជន៍ប្រជានុរាស្ត្រ និងនគរទាំងមូលដោយឥតរុញរា និងគ្មានការចុះញ៉មចំពោះឧបសគ្គទាំងឡាយដែលបានកើតឡើង។ រាល់ព្រះរាជសកម្មភាពរបស់ព្រះអង្គ បានក្លាយជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលគ្មាននរណាអាចបដិសេធន៍ និងកែប្រែបានឡើយ។

ប្រជានុរាស្ត្រទូទាំងនគរ ពិតជានៅចងចាំបាននូវព្រះរាជបូជនីយកិច្ចសំខាន់២ ដែលប្រវត្តិសាស្ត្របានកត់ត្រាទុក និងគ្មានថ្ងៃបំភ្លេចបាននោះ គឺការទាមទារបានមកវិញនូវឯករាជ្យភាព ពីអាណានិគមន៍បារាំង ថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និងការទាមទារបានមកវិញនូវភាពជាម្ចាស់ស្របច្បាប់ ទៅលើប្រាសាទព្រះវិហារនាថ្ងៃទី១៥ មិថុនា ១៩៦២ ដែលជាមូលដ្ឋានដ៏សំខាន់ នាំឲ្យប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅពេលក្រោយមក ពោលគឺនៅថ្ងៃទី៧ កក្កដា ២០០៨កន្លងទៅ។

សូមជម្រាបថា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានប្រសូត្រនៅថ្ងៃ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័កព.ស២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ហើយព្រះអង្គយាងសោយព្រះទិវង្គត នៅវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំងប្រទេសចិន។

សម្តេច ព្រះនរោត្តម សីហនុ គឺជាឥស្សរៈជនលេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែរ រហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក សម្តេច ព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជា ស្ថិតក្រោមអាណានិគមបារាំងសម័យរុងរឿង ក្រោយឯករាជ្យទំព័រខ្មៅងងឹត នៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សះផ្សាជាតិ និងការបង្កើតរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងទសវត្សរ៍ទី៩០៕