(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា នៅតែមានការក្លែងបន្លំការនាំចូល និងលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយនៅកម្ពុជា ប៉ុន្ដែមានបរិមាណតិចជាមុន បន្ទាប់ពីមានវិធានការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា «កន្លងមកការនាំចូលវត្ថុអនុស្សាវរីយ៍ក្លែងក្លាយ មានភាពខ្លាំងក្លាមែនទែន ដែលធ្វើឲ្យល្បីរន្ទឺ និងខូចកិតិ្តនាមប្រទេសជាតិ ដោយក្នុងនោះក្រសួងទេសចរណ៍ បានដាក់បំរាម និងចេញច្បាប់ផាកពិន័យមួយ សម្រាប់អ្នកដែលក្លែងបន្លំនាំចូល និងលក់វត្ថុអនុស្សាវរីយ៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីចេញច្បាប់ទាំងនេះ មកឃើញថា មានភាពស្ងប់ស្ងាត់ខ្លះៗ ប៉ុន្ដែមិនទាំងស្រុងនោះឡើយ ព្រោះដោយសារតែពួកគាត់ធ្លាប់ប្រកបមុខរបរនេះ ដូច្នេះនៅតែចង់ធ្វើមុខរបរនោះដដែល»

ការលើកឡើងបែបនេះរបស់ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ ធ្វើឡើងក្នុងឱកាសផ្ដល់កិច្ចសម្ភាសន៍ដល់ទូរទូស្សន៍ Fresh News ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍»។

លោកស្រីបញ្ជាក់ថា ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយជូនភ្ញៀវទេសចរ ពិតជាអាចធ្វើឲ្យភ្ញៀវទេសចរ បាត់បង់ជំនឿចិត្តឈប់មកលេងប្រទេសកម្ពុជា ព្រោះថាកាលដែលទេសចរណ៍ ទៅដល់ទីណាទាល់តែគាត់សប្បាយចិត្ត និងមានអារម្មណ៍ល្អជាមួយប្រទេសនោះ។

លោកបានបន្ថែមថា ក្នុងនោះភ្ញៀវទេសចរនឹងកត់សំគាល់ដូចជា៖ ទី១៖ វប្បធម៌របស់ប្រទេសនីមួយៗ ថាតើប្រជាពលរដ្ឋរបស់ប្រទេសនោះ មានភាពរួសរាយរាក់ទាក់, មានភាពស្មោះត្រង់ឬអត់ ព្រោះថា ការចូលមកកំសាន្ដក្នុងប្រទេសនីមួយៗ ជាការស្ពាយលុយ ដើម្បីមកចាយប្រទេសនោះ ហើយបើការចាយខុសកន្លែង និងចាយដោយបានរបស់មួយមិនសុទ្ធ មិនពិត គឺមិនសប្បាយចិត្ត មនុស្សកាលណាដែលមិនសប្បាយចិត្ត នឹងនិយាយអាក្រក់ពីប្រទេសនោះជាក់ជាពុំខាន ហើយការនិយាយនោះ មិនត្រឹមតែនិយាយនឹងមាត់ប៉ុណ្ណោះទេ តែមានមធ្យោបាយជាច្រើន ក្នុងការផ្សព្វផ្សាយ។

លោកស្រីបញ្ជាក់ថា «ជាមួយនឹងការលក់វត្ថុក្លែងក្លាយនៅតែបន្ដមាន ខ្ញុំសូមអំពាវនាវដល់អាជីវករ សូមមេតា្តលក់ប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈខ្ពស់មានន័យថា ប្រសិនគាត់លក់អ្វីមួយទៅកាន់ភ្ញៀវ សូមមេត្តាប្រាប់ភ្ញៀវតាមត្រង់ថា របស់នោះនាំមកពីប្រទេសណា និងព្យាយាមទទួលយកផលិតកម្មរបស់ខ្មែរ យកមកលក់លើទីផ្សារ ព្រោះយើងមើលឃើញថា សហគ្រាសមួយចំនួន ក៏ខំកែច្នៃច្រើនណាស់ដែរ ជាពិសេសសម្រាប់សហគមន៍ខិតខំប្រឹងផលិតដោយដៃ ទោះតិច ឬច្រើននៅតែមាន ហើយបើមានការទទួលទិញច្រើន នោះគាត់នឹងព្យាយាមផលិតឲ្យបានច្រើន»

លោកស្រីក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាក្រសួងសិប្បកម្ម សូមឲ្យជួយជ្រោមជ្រែង ទ្រទ្រង់ដល់សហគមន៍មួយចំនួន ជំរុញឲ្យពួកគាត់ផលិតឲ្យបានច្រើន និងមានគុណភាព ព្រមទាំងជួយរកអ្នកជំនាញខាងផលិតសិប្បកម្ម ជួយជ្រោមជ្រែងទើបពួកគាត់អាចធំធាត់បាន។

ជាមួយនឹងការអំពាវនាវនេះ លោកស្រីបញ្ជាក់ថា បច្ចុប្បន្នមិនត្រឹមតែមានវត្ថុអនុស្សាវរីយ៍ក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្ដែការផ្គត់ផ្គង់វត្ថុអនុស្សាវរីយ៍ក៏មិនគ្រប់គ្រាន់ ដល់ភ្ញៀវទេសចរណ៍ផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ឲ្យដឹងថា ការខ្វះខាតវត្ថុអនុស្សាវរីយ៍ ដល់ភ្ញៀវទេសចរមិនត្រឹមតែ បាត់បង់ភ្ញៀវទេសចរនោះទេ តែនឹងជះឥទ្ធិពលខ្លាំង ក្នុងការហូរចូលវត្ថុអនុស្សាវរីយ៍ មានន័យថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ នឹងតម្រូវនាំចូលពីបណ្ដាប្រទេសផ្សេង។

លោកស្រីបញ្ជាក់ថា ការខ្វះខាតវត្ថុអនុស្សាវរីយ៍ ក៏ជះឥទ្ធិពលដល់ការពន្យារការស្នាក់នៅរបស់ភ្ញៀវទេចរ មានន័យថា សម្រាប់ភ្ញៀវទេសចរ មកដើរកំសាន្ដលើកទី១ បើមិនមានអីទិញមិនជាបញ្ហាឡើយ ពួកគាត់នឹងត្រលប់ទៅវិញ ប៉ុន្ដែយើងត្រូវដឹងថា បើភ្ញៀវចង់ត្រឡប់មកវិញម្ដងទៀតគេនឹងសួរថា តើខ្ញុំមកប្រទេសកម្ពុជាម្ដងទៀតដើម្បីអ្វី? ដើម្បីទិញឥវ៉ាន់, ដើម្បីទទួលទានអាហារ, ឬនឹកកន្លែងដែរធ្លាប់ទៅ សរុបជារួមទៅហេតុផល គឺការទិញឥវ៉ាន់។

លោកស្រីបន្ដថា ជាក់ស្ដែងដូចភ្ញៀវទេសចរកម្ពុជា ដែលទៅលេងក្រៅប្រទេសដូចគ្នា ម្នាក់ៗទៅលេងក្រៅប្រទេសមិនក្រោម២០ដងនោះឡើយ ប៉ុន្ដែពួកគាត់នៅតែព្យាយាមទៅ ម្ដងហើយម្ដងទៀត សួរថា តើពួកគាត់ទៅដើម្បីអ្វី? មិនមែនចង់ទៅឃើញកន្លែងនេះទៀតទេ ប៉ុន្ដែគោលដៅសំខាន់គឺ ការទិញឥវ៉ាន់ប្រើប្រាស់ និងការភ្លក្សអាហារជាដើម៕