(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះការជជែកគ្នាពីសំណាក់មហាជន ពាក់ព័ន្ធនឹងករណី ឃាត់រថយន្តសង្រ្គោះ ពេលមានក្បួនប្រតិភូ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម Facebook យ៉ាងព្រោងព្រាត។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន, លោករដ្ឋមន្ត្រី ក៏បានផ្តល់ជាគំនិតដល់មហាជន ត្រូវរៀនស្វែងយល់ឲ្យបានច្បាស់លាស់ មុននឹងធ្វើការរិះគន់ ឬជជែកវែកញែកហេតុការណ៍មួយជាមុនសិន ចៀសវាងការវាយតម្លៃនោះ មិនត្រឹមត្រូវតាមស្ថានភាពពិតប្រាកដ។ លោកថ្លែងថា «ចំណេះដឹងផ្លូវកាត់» បែបនេះ មិនអាចជួយអ្វីបាន សម្រាប់សង្គមកម្ពុជាដ៏កម្សត់នេះឡើយ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឃើញគេយករូបថតពីរ, បីសន្លឹក ដោយមិនច្បាស់ថា អ្នកណាជាអ្នកណាផង ហើយជជែកគ្នាបែកព្យុះពីអាទិភាពឡាន «អ្នកធំ» (អត់ដឹងធំកម្រិតណាទេ) និង «ឡានដឹកអ្នកជំងឺ» (មិនដឹងមានអ្នកជំងឺ ឬអត់ ឡានឈប់ប៉ុន្មានម៉ោង ?)។ នេះហើយដែលជាការបារម្ភរបស់ខ្ញុំលើអ្វីដែលខ្ញុំហៅថា «ចំណេះដឹងផ្លូវកាត់» [Shortcut knowledge] ពោលគឺចេះច្បោលៗតែច្រឡំទុកចិត្តថា ខ្លួនចេះច្បាស់ដូចថ្ងៃ!»

លោកបន្តថា «មិនរិះគន់អ្នកណាទាំងអស់ តែខ្ញុំចង់ឲ្យកូនខ្មែរចេះរបៀបរៀន (Learn to learn) ដើម្បីមានរបៀប (អភិក្រម) វិភាគជួយសង្គមដ៏កំសត់របស់យើងបាន»។

គួរបញ្ជាក់ថា នៅលើបណ្តាញសង្គម Facebook នៅប៉ុន្មានថ្ងៃនេះ គេឃើញមានការប្រតិកម្មច្រើនលើវីដេអូមួយ ដែលបានថតសកម្មភាពជុំវិញរឿងឃាត់រថយន្តសង្គ្រោះ ពេលមានក្បួនប្រតិភូ របស់ថ្នាក់ដឹកនាំកម្ពុជា ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ទោះបីជាយ៉ាងនេះក្តី គេក៏មិនដឹងថា វីដេអូនោះត្រូវបានថតនៅពេលណា ហើយមានរឿងអ្វីកើតឡើងឲ្យប្រាកដនោះទេ។

ទាក់ទិនបញ្ហាមួយនេះដែរ មន្ត្រីនគរបាលចរាចរណ៍មួយរូប បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រឿងរ៉ាវនេះមិនមែនទើបកើតឡើងថ្មីៗនេះទេ គឺបានកើតឡើងជាងមួយខែមុនមកម្ល៉េះ។ បើតាមមន្ត្រីនគរបាលចរាចរណ៍ ដែលស្ថិតនៅក្នុងហេតុការណ៍ បានរៀបរាប់ថា ថ្ងៃដែលឃាត់រថយន្តសង្គ្រោះនេះ គឺនៅថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជា អញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ច នៅក្រៅប្រទេស។

មន្ត្រីដដែលបានអះអាបន្តថា រថយន្តសង្គ្រោះដែលឃាត់នោះ មិនមានផ្ទុកអ្នកជំងឺនៅលើនោះទេ។ ប៉ុន្តែក៏មិនបានដឹងថា គេត្រូវធ្វើដំណើរទៅដឹកអ្នកជំងឺ អ្នករងរបួស ឬយ៉ាងនោះទេ។

លើសពីនេះទៅទៀត មន្ត្រីបានបញ្ជាក់ទៀតថា នៅមុនពេលស្ទាក់ដំណើររថយន្តនេះ មិនបានបើកស៉ីរ៉ែន សុំសញ្ញាអាទិភាពនោះទេ។ លុះដល់ពេលសមត្ថកិច្ចស្ទាក់ដំណើរ ព្រោះក្បួនរថយន្តប្រតិភូចេញពីអាកាសយាន្តដ្ឋាន ទើបរថយន្តសង្គ្រោះខាងលើបើកស៉ីរ៉ែន៕