(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ លោក ជា ពៅ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនណាដែលប្រើប្រាស់រូបភាពកាត់ត យកទៅកែច្នៃបំភ្លៃព័ត៌មាន ពេលសមត្ថកិច្ចស្រាវជ្រាវឃើញ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

លោក ជា ពៅ បានអះអាងយ៉ាងដូច្នេះថា៖ «ជនណាដែលប្រើប្រាស់រូបភាព យកទៅកាត់តបំភ្លៃបែបនេះ នៅពេលដែលសមត្ថកិច្ចស្រាវជ្រាវ រកឃើញ នឹងត្រូវផ្តន្ទាទោស ហើយមួយទៀត យើងត្រូវអប់រំអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យគាត់យល់ថា បើគាត់ព្រីនស្គ្រីនរបស់គេទៅកែ គឺគាត់មានទោសពីការក្លែងបន្លំ ដែលអាចប្រឈមនឹងផ្លូវច្បាប់»

ការអះអាងរបស់ មន្រ្តីជំនាញជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីមានការបំភ្លៃព័ត៌មានជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Facebook ដើម្បីបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំ។ ក្រុមអ្នកប្រឌិតព័ត៌មានទាំងនោះ បានកាត់រូបភាព Facebook សម្តេចតេជោ ហ៊ុន សែន និង Fresh News រួមទាំងឥស្សរជនមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយបំផ្លៃទៅកាន់ អ្នកលេង Facebook ក្នុងគោលបំណងបង្កភាពវឹកវរ។

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ជា ពៅ បានអំពាវនាវ ឱ្យអ្នកប្រាស់បណ្តាញសង្គមទាំងអស់ មានការប្រុងប្រយ័ត្នពីក្រុមជនខិលខូចទាំងនេះ ដែលតែងតែយករូបភាពពិត ទៅកែច្នៃហើយបង្ហោះខ្លឹមសារប្រឌិតផ្សេងៗ។ លោកបានព្រមានឱ្យជនខិលខូចទាំងនោះ បញ្ឈប់សកម្មភាពប្រឌិតព័ត៌មាននេះតទៅទៀត មុនពេលដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញ។

សូមបញ្ជាក់ថា ការប្រឌិតព័ត៌មានដ៏សាហាវ និងអនាធិបតេយ្យនៅលើបណ្តាញសង្គម Facebook នាពេលនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី ប្រកាសត្រឡប់មកប្រទេសកម្ពុជា ដើម្បីធ្វើរដ្ឋប្រហារ ផ្តួលរំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយបានចាប់ផ្តើម អនុវត្តនីតិវិធីរបស់ខ្លួន ជាបន្តបន្ទាប់តាមតួនាទីដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក មិនឱ្យសម្រេចនោះឡើយ៕